(ភ្នំពេញ)៖ ព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យច្បាប់ពាក់ព័ន្ធនឹងការការពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ការអនុវត្តច្បាប់បរិស្ថានឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលការណ៍នៃការអភិវឌ្ឍប្រកបដោយចីរភាព។
ការប្តេជ្ញាចិត្តនេះបានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងជំនួបរវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក YOSHINORI OZAWA ប្រធានសហព័ន្ធសមាគមមេធាវីជប៉ុន (Japan Federation of Shiho-Shoshi Lawyer’s Associations) នៅទីស្តីការក្រសួងបរិស្ថាន។
ក្នុងជំនួបដ៏សំខាន់នេះ លោកបណ្ឌិតរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ដែលតែងតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា ក្នុងការគាំទ្រវិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។
ភាគីទាំងពីរបានពិភាក្សាអំពីយន្តការនានា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងការគាំទ្រលើការអភិវឌ្ឍសមត្ថភាពផ្នែកច្បាប់បរិស្ថាន។
ជាការឆ្លើយតប លោក YOSHINORI OZAWA បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានកម្ពុជា ក្នុងការលើកកម្ពស់ការការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការពង្រឹងការអនុវត្តច្បាប់បរិស្ថាន។
លោកក៏បានបង្ហាញពីបំណងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ដើម្បីរួមចំណែកដល់ការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
ជំនួបនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហាបរិស្ថានសកល និងធានានូវអនាគតប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ៕



