Detail Top Banner – Conway

ជម្លោះជាមួយថៃ៖ កម្ពុជាប្រាប់អាម៉េរិកពីការមិនទទួលស្គាល់ចំពោះការកែប្រែខ្សែព្រំដែនដោយប្រើកម្លាំង

ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក វង្សី វិស្សុត បានបន្តលើកឡើងពីបញ្ហាពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ប្រាប់ទៅកាន់មន្ត្រីការទូតរបស់អាម៉េរិក ដោយបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាក្នុងការដោះស្រាយ​ជម្លោះដោយ​សន្តិវិធី ហើយប្រឆាំងដាច់ខាតនូវការកែប្រែខ្សែព្រំដែនតាមរយៈការប្រើកម្លាំងឈ្លានពាន។

ជំនួបជាមួយលោកស្រី Aleksandra Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ដែលធ្វើឡើងក្នុងរាជធានីភ្នំពេញ កាលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវជំហរឥតងាករេក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយថៃ ផ្អែកលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់។

ប៉ុន្តែលោកបានបញ្ជាក់ថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដោយប្រើប្រាស់កម្លាំង។ តាមរយៈលោកស្រី Aleksandra Zittle លោក វង្សី វិស្សុត ក៏បានថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ និងលើកទឹកចិត្តភាគីពាក់ព័ន្ធបន្តអនុវត្តបទឈប់បាញ់។

ជាការកត់សម្គាល់ កម្ពុជាតែងតែបានប្រកាសអំពីជំហរក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពនូវគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម និងផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ដើម្បីដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ហើយសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។

ក្នុងនៅជំនួបជាមួយមន្ត្រីការទូតរបស់អាម៉េរិកខាងលើ លោក វង្សី វិស្សុត ក៏មិនភ្លេចលើកឡើងពីបញ្ហាស្កេមនោះដែរ។ ឧបនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online scams) ឱ្យអស់ពីកម្ពុជាដោយមិនបន្ធូរដៃឡើយ។ តែយ៉ាងណា លោក ក៏ទាមទារឱ្យមានការចូលរួមពីប្រទេសដៃគូ និងសហគមន៍អន្តរជាតិ ព្រោះថាស្កេម បានក្លាយជាបញ្ហារួមរបស់តំបន់ និងសកលលោក៕

ព័ត៌មានទាក់ទង
×
Popup Banner