Detail Top Banner – Conway

បើករថយន្ត ឈប់​ដេក​តាម​ផ្លូវ អាវុធហត្ថ​ទៅ​គោះ​ទ្វារ​ភ្ញាក់បើករថយន្តថយក្រោយ​​បុក​រះ​រថយន្ត​២​គ្រឿង និង​កិន​ម៉ូតូ​១​គ្រឿង របួសម្តាយ កូនស្រីស្លាប់

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់ បាន​បើករថយន្ត​ម៉ាក BYD មួយ​គ្រឿង ហើយ​ឈប់​ដេក​តាម​ផ្លូវ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ ទៅ​ដាស់​ភ្ញាក់​បើករថយន្ត​ថយក្រោយ បុក​រះ​រថយន្ត​ជា​បន្តបន្ទាប់ ២​គ្រឿង និង​កិន​ម៉ូតូ​មួយ​គ្រឿង បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​២​នាក់ (​ម្ដាយ​រង​របួសធ្ងន់ និង​កូន​បាន​ស្លាប់​ហើយ​នៅ​មន្ទីរពេទ្យ​) ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាល​វេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០២៦ នៅ​ចំណុច​ស្តុ​ប តាម​ផ្លូវ​៥៩៨ ស្ថិត​នៅ​ភូមិ ទំនប់ សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

រថយន្ត​ដែល​បង្ករ​គ្រោះថ្នាក់​នោះ ម៉ាក BYD ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ២CE-៤៨៧៤ សេរី​២០២៥ បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ ទ្រី សក្ក​ដា ជា​អ្នកសិល្បៈ និង​រួម​ដំណើរ​ដោយ​យុវជន​អ្នក​ទៀត ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ខាងលើ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ៥៩៨ នៅ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ស្តុ​ប ស្រាប់តែ​ឈប់ ហើយ​ដេក​លង់លក់​។ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា បុរស​រូប​នោះ​មាន​លក្ខណៈ​ស្រវឹង ឬ​យ៉ាងណា​នោះ​ទេ​។ ខណៈនោះ​អ្នកដំណើរ ក៏​បាន​រាយការណ៍​ទៅ​កងកម្លាំង​អាវុធហត្ថ ។

តាម​ព័ត៌មាន បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​នោះ សមត្ថកិច្ច​កងរាជអាវុធហត្ថ បាន​គោះ​ទ្វារ​ដាស់ ស្រាប់តែ​បុរស​នោះ ក៏​បាន​ថយ​រថយន្ត​បុក​រះ​រថយន្ត​ចំនួន​២​គ្រឿង រួម​មាន ៖ ម៉ាក់​ហា​យ​ឡេ​ន​ឌ័​រ មួយ​គ្រឿង និង toyota មួយ​គ្រឿង និង​កិន​ម៉ូតូ​មួយ​គ្រឿង បណ្ដាល​ឲ្យ​ស្ត្រី​និង​កូនស្រី អាយុ​ឆ្នាំ​១៣​ឆ្នាំ (​ម្តាយ​បាន​រង​របួសធ្ងន់ កូនស្រី​បាន​ស្លាប់​ហើយ​នៅ​មន្ទីរពេទ្យ​) ត្រូវ​បាន​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​។

នៅ​ក្នុង​គ្រោះថ្នាក់​នោះ រថយន្ត​បាន​កិន​ម៉ូតូ​ជាប់​ក្រោម​រថយន្ត និង​ថយ​ទៅ​បុក​ឡើង​ចិញ្ចើម​ផ្លូវ​បុក​ប៉ុស្តិ៍​យាម បណ្ដាល​ឲ្យ​រង​ការ​ខូចខាត ហើយ​ជាប់​ទៅ​មុខ​លែង​រួច​។ ភ្លាម​ៗ បើកបរ​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​។ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់ នគរបាល​ខណ្ឌ​សែន​សុខ បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍ រួច​ទាក់ទង​ទៅ​នគរបាល​ចរាចរណ៍​ផ្លូវគោក ចុះ​មក​វាស់វែង​នាំ​យក​រថយន្ត និង​អ្នកបើកបរ​បញ្ជូន​ទៅ​កាន់​ការិយាល័យ ដើម្បី​ដោះស្រាយ​សងការ​ខូចខាត ៕

ព័ត៌មានទាក់ទង
×
Popup Banner