ភ្លើងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅតែឆាបឆេះយ៉ាងសន្ធោសន្ធៅ មិនទាន់លេចចេញនូវសញ្ញាដែលអាចរលត់ឡើយ ខណៈភាគីទាំងសងខាងនៅតែបន្តវាយប្រហារដាក់គ្នា យ៉ាងក្តៅគគុក ហើយឥឡូវនេះ ប្រមុខរដ្ឋាភិបាលទីក្រុងកៀវ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងមូស្គូ បានយកមីស៊ីលរបស់កូរ៉េខាងជើង មកបាញ់ចូលទីក្រុង Zaporizhzhia។

ទូរទស្សន៍ BBC ផ្សាយនៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ដោយដកស្រង់សម្តីលោក ហ្សេឡេនស្គី ដែលនិយាយថា នោះគឺជាមីស៊ីលបាលីស្ទិក ដែលរុស្ស៊ីប្រើបាញ់នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន បណ្តាលឲ្យមនុស្ស ៧នាក់ស្លាប់ និង ២៤នាក់របួស ហើយបង្កការបំផ្លិចបំផ្លាញសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន មិនបង្ហាញព័ស្តុតាងអ្វីឡើយ ជុំវិញការចោទប្រកាន់នេះ ដ្បិតលោកក៏ធ្លាប់លើកឡើងដែរថា៖ ជាលើកដំបូងហើយដែលរុស្ស៊ី មិនអាចធ្វើសង្គ្រាមបាន បើគ្មានកម្លាំងជំនួយពី ទីក្រុងព្យុងយ៉ាង។ កាលណាមានការវាយប្រហារពីកូរ៉េខាងជើង កាន់តែច្រើន នៅអ៊ុយក្រែន និងក្នុងតំបន់អឺរ៉ុប ហើយកាលណាមីស៊ីល និងទាហានរបស់ពួកគេ ត្រូវបានយកមកប្រើប្រាស់កាន់តែច្រើន នោះពួកគេកាន់តែអាច ដឹងពីចំណុចខ្សោយរបស់ពួកគេ ច្រើនជាងមុន ដែលនេះ គឺជាគ្រោះថ្នាក់ដ៏ធំមួយចំពោះពិភពលោកទាំងមូល។
នេះមិនមែនទើបលើកទីមួយទេ ដែល ហ្សេលេនស្គី ចោទថា រុស្ស៊ី យកអាវុធកូរ៉េខាងជើង វាយប្រហារអ៊ុយក្រែន។ ជាក់ស្តែង កាលពីចុងខែកក្កដា លោកក៏ប្រកាសដែរថា កងទ័ពរុស្ស៊ីបានចាប់ផ្ដើមយកមីស៊ីលបាលិស្ទិករបស់កូរ៉េខាងជើង ទៅប្រើប្រាស់ជាថ្មីឡើងវិញនៅលើសមរភូមិ បន្ទាប់ពីអាវុធប្រភេទនេះបានបាត់មុខជិតមួយឆ្នាំ។

ការវាយប្រហាររបស់រុស្ស៊ី ដោយប្រើមីស៊ីលកូរ៉េខាងជើងលើកដំបូង គឺធ្វើឡើងតាំងពីខែសីហា ឆ្នាំមុនមកម្ល៉េះ ដោយបាញ់ចំផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិ Radushne ក្បែរក្រុង Kryvyi Rih បណ្ដាលឲ្យមនុស្ស ៥នាក់បាត់បង់ជីវិត។
តាមប្រភពព័ត៌មានចារកម្មយោធាអ៊ុយក្រែន ការលេចមុខឡើងវិញនៃអាវុធក្រុងព្យុងយ៉ាងនាពេលនេះ គឺជាសញ្ញាចង្អុលបង្ហាញយ៉ាងច្បាស់ថា វិមានក្រឹមឡាំងទទួលបាន «ស្តុកអាវុធ និងមីស៊ីលជំនាន់ថ្មីបន្ថែម» ពីកូរ៉េខាងជើង ដើម្បីជួយជ្រោមជ្រែងដល់ការបង្កើនការវាយប្រហារតាមអាកាស យ៉ាងសន្ធឹកសន្ធាប់លើអ៊ុយក្រែន ខណៈដែលប្រព័ន្ធការពារអាកាសទំនើបៗរបស់អ៊ុយក្រែន កំពុងជួបវិបត្តិខ្វះខាតគ្រាប់យ៉ាងធ្ងន់ធ្ងរ។
ចារកម្មយោធាអ៊ុយក្រែន បានឲ្យដឹងទៀតថា រ៉ាដាចាប់បានសញ្ញាហោះហើររបស់មីស៊ីលបាលិស្ទិករយៈខ្លីប្រភេទ KN-23 ឬ KN-24 របស់កូរ៉េខាងជើង។ មីស៊ីលទាំងនេះ មានក្បាលគ្រាប់ធំជាង និងបាញ់បានឆ្ងាយជាងមីស៊ីល Iskander របស់រុស្ស៊ី ហើយការស្ទាក់ចាប់វាមានការលំបាកខ្លាំង ដោយមានតែប្រព័ន្ធការពារអាកាស Patriot ដែលផលិតដោយអាមេរិកតែមួយគត់ ទើបអាចបាញ់ទម្លាក់វាបាន៕


