ក្រុមហ៊ុន AIAI ស្នើសុំអភិវឌ្ឍន៍អាកាសយានដ្ឋានសៀមរាបចាស់ ឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នាពេលរាត្រី
ភ្នំពេញ៖ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) និងភាគីដៃគូ Yuntou Group បានបង្ហាញសំណើសិក្សាគម្រោង «អច្ឆរិយៈអង្គរ – Miracle Angkor» ដើម្បីអភិវឌ្ឍទីតាំងអាកាសយានដ្ឋានសៀមរាបចាស់ ឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នាពេលរាត្រី ដែលអាចជួយបង្កើនភាពទាក់ទាញរបស់ខេត្តសៀមរាប និងជំរុញការស្នាក់នៅរបស់ភ្ញៀវទេសចរ។
សំណើនេះត្រូវបានលើកឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាល AIAI ជាមួយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងភាគីពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។
តាមសំណើ គម្រោង «Miracle Angkor» នឹងសិក្សាអភិវឌ្ឍលើទីតាំងអាកាសយានដ្ឋានសៀមរាបចាស់ ដែលមានផ្ទៃដីប្រមាណ ១៩៦,៣២ហិកតា ឱ្យទៅជាតំបន់សកម្មភាពពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នាពេលរាត្រី។ ក្នុងចំណោមគម្រោងសំខាន់ៗ គ្រោងមាន មជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិទំហំប្រមាណ ១៧.០០០ម៉ែត្រការ៉េ ព្រមទាំងសារមន្ទីរឌីជីថល និងការសម្តែងទេសចរណ៍បៃតងឥតកាបូន។
លោក ស៊ីន ចាន់សិរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា គោលបំណងសំខាន់ គឺការប្រែក្លាយសៀមរាបពីគោលដៅដែលភ្ញៀវទេសចរមកទស្សនា ហើយឆ្លងកាត់បន្តដំណើរទៅកាន់តំបន់ផ្សេង ឱ្យទៅជាគោលដៅទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវឱ្យ ស្នាក់នៅបន្ថែម ១-២ យប់ តាមរយៈការបង្កើតសកម្មភាពកម្សាន្ត ព្រឹត្តិការណ៍ពាណិជ្ជកម្ម និងកម្មវិធីវប្បធម៌នៅពេលរាត្រី។
យ៉ាងណាក៏ដោយ សំណើនេះនៅស្ថិតក្នុងដំណាក់កាលសិក្សា និងវាយតម្លៃបន្ថែម ហើយត្រូវការការសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយគោរពតាមច្បាប់ បទប្បញ្ញត្តិ សុវត្ថិភាពអាកាសចរណ៍ ការគ្រប់គ្រងដីធ្លី និងតម្រូវការការពារបេតិកភណ្ឌ។
លោកបន្ថែមថា គម្រោងនេះមានគោលដៅរួមក្នុងការពង្រឹងការតភ្ជាប់ផ្លូវអាកាស ស្តារកំណើនអ្នកដំណើរ និងបង្កើនភាពទាក់ទាញរបស់សៀមរាប ដោយប្រែក្លាយការតភ្ជាប់ផ្លូវអាកាសទៅជាកម្លាំងចលករសម្រាប់វិស័យទេសចរណ៍ ការវិនិយោគ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
យោងតាមរបាយរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា សម្រាប់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ក្នុងឆ្នាំ២០២៥ ទទួលបានអ្នកដំណើរ ១,៤៧លាននាក់ កើនឡើង ៥.៣% ពីឆ្នាំ២០២៤ ប៉ុន្តែនៅស្មើប្រមាណ ៣៧,៦% បើធៀបនឹងឆ្នាំ២០១៩។ ចំណែកឆមាសទី១ ឆ្នាំ២០២៦ មានអ្នកដំណើរ ៧១៤,១៣៣នាក់។ ដូច្នេះ ការបង្កើតសកម្មភាពទេសចរណ៍ និងពាណិជ្ជកម្មថ្មីៗ ត្រូវបានមើលឃើញថា អាចជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវឱ្យស្នាក់នៅយូរជាងមុន និងជំរុញតម្រូវការធ្វើដំណើរតាមផ្លូវអាកាសមកកាន់សៀមរាប៕



