Detail Top Banner – Conway

ប្រធានា​ធិបតីអ៊ីរ៉ង់៖ សេដ្ឋកិច្ច​អ៊ីរ៉ង់​កាន់តែដុន​ដាប ក្រោយ​ការវាយ​ប្រហារ​​ពីអាមេរិក និង​អ៊ីស្រាអែល​

​ប្រធានាធិបតី​អ៊ីរ៉ង់​ លោក​ Masoud Pezeshkian លើក​ឡើង​កាលពីថ្ងៃសៅរ៍ថា បញ្ហាសេដ្ឋកិច្ចរបស់​ប្រទេសអ៊ីរ៉ង់​​មាន​សភាព​​កាន់តែអាក្រក់ទៅៗ ចាប់តាំងពីការចាប់ផ្តើម​សង្គ្រាម​​ដោយ​សហរដ្ឋ​អាមេរិក និងអ៊ីស្រាអែល ដោយ​សារតែការធ្លាក់ចុះ​នៃប្រាក់ចំណូល​លើ​វិស័យ​ប្រេង និង​ការបំផ្លាញរោងចក្រធំ​ៗ​។ នេះបើយោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​តួក​គី Anadolu ផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២៦ ។

ក្នុងសុន្ទរកថាដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ លោក Pezeshkian បាន​សន្មត​​ថា តម្លៃ​កើនឡើងដោយ​សារតែការចំណាយ​ខ្ពស់ និងការធ្លាក់​ចុះនៃប្រាក់ចំណូល​រដ្ឋ ដែល​ជាលទ្ធផលនៃការធ្លាក់ចុះ​នៃការលក់ប្រេង​។

ប្រធានាធិបតី​អ៊ីរ៉ង់​ លោក​ Masoud Pezeshkian

លោក​លើក​ឡើង​ថា ទំនិញ​នាំចូលពីមុន​ បានទៅដល់ប្រទេសអ៊ីរ៉ង់​តាម​រយៈផ្លូវ​ដោយ​ផ្ទាល់​ ប៉ុន្តែឥឡូវនេះ​ចូលប្រទេសតាមរយៈ​បណ្តាញ​ជំនួស ​ដែល​ជំរុញឱ្យតម្លៃចុងក្រោយ​កើនឡើង។

លោកថា៖ « ប្រាក់ចំណូល​របស់យើង​បានធ្លាក់ចុះ​។ យើងធ្លាប់លក់​ប្រេង ប៉ុន្តែឥឡូវនេះ​យើងមិនអាចលក់វាបានទេ»។

លោក Pezeshkian និយាយថា ការខូចខាតដល់រោងចក្រឧស្សាហ​កម្មរបស់ប្រទេស​ អំឡុងពេលសង្គ្រាម​ជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បាន​ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច​ធ្លាក់​ចុះ​​កាន់​​តែធ្ងន់ធ្ងរ​ឡើង។

លោកបន្ត​ថា៖ « ពួកគេបានកំណត់គោលដៅ និងបំផ្លាញរោង​ចក្រមួយចំនួនធំ។ ការខូចខាតនេះ​ក៏បានប៉ះពាល់ដល់​ប្រាក់ចំណូល​ពន្ធផងដែរ​។ យើងលែង​អាចប្រមូលពន្ធពីរោងចក្របាន​ទៀតហើយ។ មិន​ត្រឹមតែប៉ុណ្ណោះទេ យើងក៏ត្រូវផ្តល់មូលនិធិ​ដល់ពួកគេ​[អាមេរិក​-អ៊ីស្រាអែល​]ផងដែរ…»។

លោក​បន្ថែម​ថា​៖ «​ បញ្ហា​របស់​យើង​បាន​កើនឡើង​​ច្រើន​ដង ខណៈ​ ​ប្រាក់​ចំណូល​របស់​យើង​​ក៏​បាន​ធ្លាក់ចុះ​ផង​​ដែរ»។

គួរ​បញ្ជាក់​ថា ភាពតានតឹង​ក្នុងតំបន់បាន​កើនឡើង​នៅថ្ងៃទី ២៨ ខែកុម្ភៈ ពេលអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបាន​បើកការវាយប្រហារ​លើអ៊ីរ៉ង់ ដោយផ្តោត​​លើហេដ្ឋារចនាសម្ព័ន្ធយោធា នុយក្លេអ៊ែរ និងថាមពល៕

ព័ត៌មានទាក់ទង
×
Popup Banner