នៅក្នុងសារលិខិតផ្ញើជូនសមភាគីឥណ្ឌូណេស៊ី ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសម្តែងនូវសេចក្តីសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ក្នុងនាមរដ្ឋាភិបាល និងប្រជាជនអ៊ីរ៉ង់ ជូនចំពោះប្រជាជន និងរដ្ឋាភិបាលឥណ្ឌូណេស៊ី ចំពោះការបាត់បង់ជីវិត និងរងរបួស ក្រោយការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ។

យោងតាមសារព័ត៌មាន didgahnews, ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ ក៏បានផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសឥណ្ឌូណេស៊ីផងដែរ។
ទន្ទឹមនឹងនេះ លោកក៏បានបួងសួងតាមបែបសាសនា សូមឲ្យអ្នករងរបួសទាំងអស់បានជាសះស្បើយឡើងវិញក្នុងពេលឆាប់ៗ និងសូមឲ្យអ្នករស់រានមានជីវិតទាំងឡាយមានភាពអត់ធ្មត់ និងរឹងមាំក្នុងការជម្នះការឈឺចាប់ ក្រោយការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ពួកគេ។
កម្មភាពរបស់អ៊ីរ៉ង់ បានឆ្លុះបញ្ចាំងពីគោលនយោបាយពង្រឹងសាមគ្គីភាពរវាងបណ្តាប្រទេសឥស្លាម និងការបង្ហាញមុខមាត់ជាប្រទេសឈានមុខក្នុងការផ្តល់ជំនួយសង្គ្រោះក្នុងតំបន់អាស៊ី ទោះបីជាខ្លួនកំពុងស្ថិតក្នុងស្ថានភាពនយោបាយអន្តរជាតិដ៏តានតឹងក៏ដោយ។
សូមបញ្ចាក់ដែរថា កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ ទី១៥ ខែសីហា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៧ រ៉ិចទ័រ បានវាយប្រហារចំភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ដោយមានចំណុចកណ្តាលនៅក្បែរកោះ Flores ក្នុងខេត្ត Nusa Tenggara ។ គ្រោះរញ្ជួយដីនេះបានបង្កឲ្យមានការបាក់ដីយ៉ាងធ្ងន់ធ្ងរ កាត់ផ្តាច់ផ្លូវថ្នល់ និងបណ្តាលឲ្យអគារ សាលារៀន និងផ្ទះសម្បែងជាង ១,៣០០ ខ្នងរងការខូចខាត។ មនុស្សយ៉ាងហោចណាស់ ៥៣ នាក់បានស្លាប់បាត់បង់ជីវិត ជាង ១៣០ នាក់រងរបួស និងប្រជាពលរដ្ឋជិត ៥ពាន់ នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់។
ភ្លាមៗ បន្ទាប់ពីដំណឹងដ៏សោកសៅនេះត្រូវបានផ្សព្វផ្សាយ មេដឹកនាំពិភពលោកជាច្រើនបានសម្តែងការចូលរួមរំលែកទុក្ខ។ ក្នុងនោះ ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ លោក Masoud Pezeshkian បានផ្ញើសារទូរលេខផ្លូវការភ្លាមៗទៅកាន់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto៕


