Detail Top Banner – Conway

សិស្សថ្នាក់ទី៧ម្នាក់ នៅ​ហ្វីលីពីន ពាក់កាមេរ៉ាផ្សាយបន្តផ្ទាល់ ធ្វើការ​​​បាញ់ប្រហារ​ក្នុងសាលា ស្លាប់មនុស្ស ២នាក់

ហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយ បានកើតឡើងនៅ​ព្រឹក​ថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ នៅក្នុងបរិវេណវិទ្យាល័យ Ateneo de Zamboanga ស្ថិតក្នុងទីក្រុង Zamboanga ភាគខាងត្បូងប្រទេសហ្វីលីពីន ដោយសិស្សថ្នាក់ទី៧ ម្នាក់បានប្រដាប់ដោយ​កាំភ្លើង ២ដើម ចូលទៅបាញ់ប្រហារនៅក្នុងបន្ទប់រៀន ហើយថែមទាំងបានពាក់កាមេរ៉ាជាប់ខ្លួន ដើម្បីផ្សាយបន្តផ្ទាល់ (Livestream) សកម្មភាព​នេះនៅលើបណ្តាញសង្គមទៀតផង។ នេះបើយោងតាម​សារព័ត៌មាន CNA។

អំពើហិង្សានេះ បានបណ្តាលឱ្យសិស្ស ២នាក់បាត់បង់ជីវិត ដែលក្នុងនោះ​មានសិស្ស​ថ្នាក់ទី១០​ម្នាក់ និង​ខ្មាន់កាំភ្លើងផ្ទាល់ដែលបានបាញ់ផ្តាច់ជីវិតខ្លួនឯង ព្រមទាំងបង្កឱ្យមនុស្ស ២នាក់ផ្សេងទៀតរងរបួស។

យោងតាមការបញ្ជាក់ពីលោក Khymer Adan Olaso អភិបាលក្រុង Zamboanga និងអាជ្ញាធរនគរបាលតំបន់ ខ្មាន់កាំភ្លើងដំបូងឡើយ បានតម្រង់ការបាញ់ប្រហារទៅលើគ្រូបង្រៀនម្នាក់ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា គ្រូបង្រៀនរូបនោះរងរបួស ឬយ៉ាងណានោះទេ។ បន្ទាប់មក ជនបង្កបានបាញ់ទៅលើសិស្សរងគ្រោះ មុនពេលបាញ់សម្លាប់ខ្លួនឯងនៅនឹងកន្លែងកើតហេតុ។ ភ្លាមៗបន្ទាប់ពីកើតហេតុ លោក Ernald Andal នាយក​វិទ្យាល័យ បានបញ្ជាក់ថា កងកម្លាំងសមត្ថកិច្ចបានចូលគ្រប់គ្រងស្ថានការណ៍ និងធានាសុវត្ថិភាពក្នុងបរិវេណសាលាទាំងស្រុងហើយ ខណៈគ្រប់ភាគីពាក់ព័ន្ធកំពុងសហការយ៉ាងជិតស្និទ្ធជាមួយនគរបាល ដើម្បីធ្វើការស៊ើបអង្កេត និងបានជូនដំណឹងឱ្យអាណាព្យាបាលមកទទួលសិស្សត្រឡប់ទៅផ្ទះវិញ។

ពាក់ព័ន្ធនឹងដើមចម និងមូលហេតុពិតប្រាកដនៃបទល្មើសដ៏សាហាវនេះ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងនគរបាលជាតិហ្វីលីពីន (PNP) បានថ្លែងថា មិនទាន់អាចបញ្ជាក់បាននៅឡើយទេ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។ ក្រុមអ្នកស៊ើបអង្កេត និងផ្នែកកោសល្យវិច័យកំពុងបន្តសាកសួរ និងប្រមូលភស្តុតាងយ៉ាងយកចិត្តទុកដាក់ រួមទាំងការពិនិត្យមើលវីដេអូផ្សាយបន្តផ្ទាល់ និងសកម្មភាពលើបណ្តាញឌីជីថលរបស់ជនបង្ក ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងបញ្ជាក់ថា តើមានទំនាស់បុគ្គលរវាងខ្មាន់កាំភ្លើង និងជនរងគ្រោះដែរឬទេ៕

ព័ត៌មានទាក់ទង
×
Popup Banner