ភ្នំពេញ៖ បញ្ហាសាលាដូង ត្រូវបានដោះស្រាយបញ្ចប់ដោយសម្រេចបានលទ្ធផលផ្លែផ្កា ក្រោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានជួបជជែកជាមួយលោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ កាលពីពេលថ្មីៗនេះ។ ប្រមុខរដ្ឋាភិបាល ប្រកាសជួយជ្រោមជ្រែង និងធានាចីរភាពដល់កិច្ចការងាររបស់សាលាដូងទៀតផង។
« ការសន្ទនាគ្នាច្រើនឱ្យដឹងការពិត, ការសន្ទនាគ្នា នាំឱ្យឈានទៅរកដំណោះស្រាយ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត ដែលបានស្វែងយកពីឆន្ទៈយ៉ាងពិតប្រាកដរបស់លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង ក្នុងការជួយកិច្ចការសង្គម។
សម្ដេច ហ៊ុន ម៉ាណែត ដែលបានតាមដានលើសកម្មភាពរបស់លោក អ៊ុក វណ្ណដេ បានកត់សម្គាល់ឃើញថា បុរសសម្បុរស្រអែមរូបនេះ បានលះបង់កម្លាំងកាយចិត្ត ដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ក្នុងការជួយរៀបចំសាលារៀនថ្នាក់បំប៉នដល់កុមារក្រីក្រ និងជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្ត តាមរយៈការបង្កើតបណ្ណាល័យចល័ត។
ថ្លែងនាពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១១ នាព្រឹកថ្ងៃទី១៩ ខែសីហាប្រមុខរដ្ឋាភិបាល បានសង្កត់ធ្ងន់យ៉ាងដូច្នេះ៖«ផ្ដើមចេញពីការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យដើម្បីបង្កើតសាលាដូង, ការខិតខំខ្នះខ្នែងកៀរគរធនធានពីសប្បុរសជននានា រួមទាំងការព្យាយាមសុំប្រជាពលរដ្ឋក្នុងភូមិ អនុញាតិឲ្យកូនៗពួកគាត់បានមកទទួលការបណ្តុះបណ្ដាលបំណិននៅសាលាដូង ប្អូនប្រុស វណ្ណដេ ក៏ដូចជាលោកគ្រូស្ម័គ្រចិត្តនៅសាលានេះ បានជួយលើកកម្ពស់ចំណេះដឹងនិងបំណិនដល់ក្មួយៗជាង១៥០នាក់នៅក្នុងភូមិ។ នេះគឺជាសកម្មភាពដែលផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គមនិងប្រជាជន»។
កាលពីខែកក្កដាកន្លងមក យោធភូមិភាគទី៣តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ បានចេញសេចក្តីជូនដំណឹងស្តីពីសំណង់អនាធិបតេយ្យខុសច្បាប់ចំនួន២៩ករណី នៅលើតំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំគិរីរម្យ ។ ក្នុងនោះក៏មានសាលាដូង និងផ្ទះគ្រូបង្រៀន ដែលជាន់លើដីដែលជាតំបន់ប្រវត្តិសាស្ត្រយោធាផងដែរ។ ជាមួយគ្នានេះមន្ទីរបរិស្ថានខេត្តកំពង់ស្ពី ក៏បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី១៣ សីហា ដោយបានដាក់កំហិតឱ្យម្ចាស់សំណង់អនាធិបតេយ្យខុសច្បាប់ទាំងនោះ រុះរើសំណង់ចេញ ត្រឹមរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទីជូនដំណឹងតទៅ។
ដោយក្តាប់ព័ត៌មានពាក់ព័ន្ធជុំវិញបញ្ហានេះបានទាំងស្រុង សម្ដេច ហ៊ុន ម៉ាណែត ក៏បានចេញវិធានការដោះស្រាយ និងសម្រួលដល់ដំណើការរបស់សាលាដូងឱ្យមានចីរភាពយូរអង្វែង។ទី១ សម្ដេចបានចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឱ្យសាលាដូងបន្តដំណើរការទៅមុខ និងគ្រូអាចស្នាក់នៅផ្ទះជាធម្មតា ដើម្បីបង្រៀនសិស្ស។
ទី២. ប្រគល់ភារកិច្ចជូនលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ចាត់តាំងមន្ត្រីជំនាញចុះពិនិត្យនិងផ្ទៀងផ្ទាត់ជាបន្ទាន់នៅលើទីតាំងជាក់ស្តែង ដើម្បីរៀបចំនូវដំណោះស្រាយមួយឱ្យបានសមស្របនិងមានចីរភាព ដែលអាចធានាថាសាលាដូងអាចនៅបន្តដំណើរការបណ្ដុះបណ្ដាលដល់កុមារនៅទីនោះ។ បន្ថែមលើនេះ ក៏ត្រូវពិនិត្យផងដែរនូវស្ថានភាពជាក់ស្តែងរបស់សាលាបឋមសិក្សាគីរីរម្យ ដែលត្រូវដើរតួនាទីបំពេញគ្នាជាមួយសាលាដូង ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលរស់នៅលើភ្នំនោះ។
«ដើម្បីជួយសម្រាលបន្ទុកដល់សាលា ខ្ញុំនិងភរិយា បានសម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញាឆ្នាំ ២០២៦ នេះតទៅ»។ នេះបើតាមប្រមុខរដ្ឋាភិបាល ដែលបានមើលឃើញពីអត្ថប្រយោជន៍របស់សាលាដូង ដែលអាចជាសេនាធិការមួយ ក្នុងការជួយគាំទ្រដល់រដ្ឋាភិបាល ដោះស្រាយបញ្ហាអប់រំរបស់កុមារ និងសិស្សានុសិស្សក្រីក្រ៕


