Detail Top Banner – Conway

អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ បង្ក្រាប​ទីតាំងឆបោក​តាមអនឡាញមួយក្នុង​សង្កាត់​វាល​ស្បូវ ឃាត់ខ្លួន​ជនជាតិ​ចិន១១​នាក់

រាជធានី​ភ្នំពេញ​ ៖ ទីតាំង​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ត្រូវ​បាន​អាជ្ញាធរ​ចុះ​បង្ក្រាប បាន​ដោយ​ជោគជ័យ និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ ចំនួន ១១​នាក់ រួម​ទាំង​ដកហូត​សម្ភារៈ សម្រាប់​ធ្វើ​សកម្មភាពបទល្មើស ។

ប្រតិបត្តិការ​បង្ក្រាប​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​លេខ​១៥០ បុរី​ដើម​ត្នោត ស្ថិត​ក្នុងភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដោយ​មានការ​សម្របសម្រួល​ផ្នែក​នីតិវិធី​ពី​លោក សូ សុវិទ្យា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​សរុប​ចំនួន ១១​នាក់ ព្រមទាំង​ដកហូត​វត្ថុ​តាង​រួម​មាន កុំព្យូទ័រ (CPU) ចំនួន ០១​គ្រឿង និង​ទូរសព្ទ​ដៃ​ចំនួន ៦០​គ្រឿង ដែល​ជា​ឧបករណ៍​ប្រើប្រាស់​សម្រាប់​ធ្វើ​សកម្មភាពបទល្មើស ។

អាជ្ញាធរ​ជំនាញ​បាន​បញ្ជាក់​ថា ក្រុម​ជនសង្ស័យ​ទាំង​អស់នេះ បាន​លួចលាក់​ប្រើប្រាស់​ទឹកដី ​នៃ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ដោយ​ប្រើប្រាស់​ល្បិច​កល​រៀបចំ​រូបភាព​អូស​ទាញ និង​បញ្ចុះបញ្ចូល​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​វិនិយោគ​ ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ​៕

ព័ត៌មានទាក់ទង
×
Popup Banner