Detail Top Banner – Conway

ភ្លេច​បិទទ្វារ​ក្រោយ​ចោរ​ចូល​លួច​ម៉ូតូ​បាត់ នគរបាល​តាម​រក​ឃើញ​ចោរ​កំពុង​លាង​ម៉ូតូ​ ឃាត់ខ្លួន​បាន​ម្នាក់

រាជធានី​ភ្នំពេញ ​៖ បុរស​ជា​ជាង​ម៉ាស៊ីនត្រជាក់​ម្នាក់ ​ដេក​ភ្លេច​បិទទ្វារ​ក្រោយ​ ហើយ​មិន​បាន​ដក​សោ​ចេញពី​ម៉ូតូ​ទៀត ខណៈ​កំពុង​ដេក​លង់លក់ ស្រាប់តែ​ចោរ​ចូល​ទៅ​លួច​ម៉ូតូ​នៅ​ក្នុងផ្ទះ​បាត់។ បន្ទាប់​មក​ នគរបាល​បាន​តាម​ស្វែងរក​ជនសង្ស័យ​តាម​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព​ GPS ដែល​បំពាក់​នៅ​លើ​ម៉ូតូ​នោះ ក៏​បាន​ប្រទះ​ឃើញ​លោក​ចោរ​ កំពុង​លាង​ម៉ូតូ ​ដែល​លួច​បាន​ក៏​ឃាត់ខ្លួន​តែ​ម្ដង ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១៩ ​ខែសីហា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​លេខ​១០៥ ផ្លូវ​លេខ​១B បុរី​ឡេ​ង​ណា​វ៉ា​ត្រា ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​រូប​នោះ​ឈ្មោះ សុខ រ​ដ្ឋា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មានមុខ​របរ​ និង​ទីលំនៅ​មិន​ពិតប្រាកដ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​០១​គ្រឿង​ម៉ាក​Honda ct ស៊េរី​ឆ្នាំ​២០២៥ ព​ណ៍​ប្រផេះ ពាក់​ស្លាក​លេខ​កម្ពុជា RUM.168 ។ ដែល​ម៉ូតូ​នេះ ​គឺជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ​ ទិ​ត្យ ភា​រុំ អាយុ​២៦​ឆ្នាំ មុខរបរ​ជាង​ម៉ា​ស៊ី​ន​ត្រជាក់ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​បុរី​ឡេ​ង​ណា​វ៉ា​ត្រា ភូមិ​កើតហេតុ​ខាងលើ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ម្ចាស់​ម៉ូតូ​បាន​ទុក​ម៉ូតូ​ម៉ាក​ខាងលើ​នៅ​ក្នុងផ្ទះ បន្ទាប់​មក​បាន​ចូល​ដេក​ដោយ​មិន​បាន​បិទទ្វារ​ផ្ទះ​ខាងក្រោយ​នោះ​ទេ រួច​ក៏​ដេក​លង់លក់​ដោយ​មិនដឹង​ខ្លួន។ ខណៈនោះ​លោក​ចោរ​ បាន​ជិះ​កង់ ​១​គ្រឿង ​ទៅ​ឈប់​ជិត​នោះ រួច​ចូល​តាម​ទ្វារ​ក្រោយ​លួច​ម៉ូតូ​ទៅ​បាត់ ​រហូត​ដល់​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ទើប​ដឹង​ថា​ បាត់​ម៉ូតូ លុះ​ព្រឹក​ឡើង​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ ។

នគរបាល ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀតថា ម៉ូតូ​នោះ​ ម្ចាស់​អត់​បាន​ដក​សោ​ទុក​នោះ​ទេ ទើប​លោក​ចោរលួច​យក​បាន​ដោយ​ស្រួល ហើយ​ក្រោយ​ពេល​ទទួល​បាន​បណ្ដឹង​ពី​ម្ចាស់​ម៉ូតូ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​ការ​ស្រាវជ្រាវ ​និង​ស្វែងរក​ម៉ូតូ​ព្រមទាំង​ជនសង្ស័យ​តាម​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព​ GPS ដែល​បំពាក់​នៅ​លើ​ម៉ូតូ​ខាងលើ ។ ពេល​នោះ​ ប្រព័ន្ធ​ GPS បាន​ចង្អុលបង្ហាញ​ទិស​ដៅ​ជនសង្ស័យ​នៅ​តាម​ផ្លូវជាតិ​លេខ​២ និង​លេខ​៣ រហូត​ដល់​ភូមិសាស្ត្រ​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ហើយ​កម្លាំង​នគរបាល​ ក៏​បាន​ទៅ​តាម​ការ​ចង្អុលបង្ហាញ​របស់​ប្រព័ន្ធ ​GPS​ នោះ ហើយ​ពេល​ទៅ​ដល់​គោលដៅ​ទាំងអស់​ខាងលើ ស្រាប់តែ​ជនសង្ស័យ​គេច​ត្រលប់​ក្រោយ​ចូល​រាជធានី​ភ្នំពេញ​វិញ ។

នគរបាល​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា កម្លាំង​នគរបាល ​ក៏​បាន​តាម​ជាប់​រហូត​គ្រប់​គោលដៅ​ទាំងអស់ ​ដែល​ជនសង្ស័យ​ទៅ ហើយ​ចុង​ក្រោយ​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក រក​ឃើញ​ជនសង្ស័យ​ឈ្មោះ សុខ រ​ដ្ឋា កំពុង​លាង​ម៉ូតូ​ នៅផ្ទះ​ជីតា​របស់​ខ្លួន ស្ថិត​នៅ​ម្ដុំ​ផ្សារ​ឃ្លាំង​រំសេវ សង្កាត់​ទឹកល្អក់ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក៏​ឃាត់ខ្លួន​រួម​ទាំង​ម៉ូតូ បន្ទាប់​មក​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

ព័ត៌មានទាក់ទង
×
Popup Banner