Detail Top Banner – Conway

អាមេរិក ឲ្យសម្ព័ន្ធមិត្តសម្រេចចិត្តទៅ ថាតើ នៅខាងអាមេរិក ឬប្រឆាំងអាមេរិក ក្នុងសង្គ្រាមសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់

សហរដ្ឋអាមេរិក បានដាក់សម្ពាធខ្លាំងក្លា លើសម្ព័ន្ធមិត្តទាំងឡាយ ដោយឲ្យពួកគេសម្រេចចិត្តទៅថាតើ ពួកគេគួរចូលរួមគាំទ្រ ក្នុងយុទ្ធនាការកម្ទេចសេដ្ឋកិច្ចអ៊ីរ៉ង់ ឬក៏ប្រឆាំង។

ច្រក Hormuz 

ថ្លែងប្រាប់ទូរទស្សន៍ CNBC កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងរតនាគារ Scott Bessent និយាយថា៖ «យើងនឹងធ្វើឲ្យរបបមួយនេះដួលរលំ។ ដល់ពេលដែលសម្ព័ន្ធមិត្តរបស់យើង និងពិភពលោកទាំងមូល ត្រូវធ្វើការសម្រេចចិត្តហើយ តើអ្នកជ្រើសរើសឈរនៅខាងយើង ឬជ្រើសរើសឈរនៅខាងប្រឆាំងនឹងយើង?»។

តាមសម្តីលោក Bessent, ទណ្ឌកម្មសេដ្ឋកិច្ចថ្មីនេះ នឹងក្លាយជាផ្នែកមួយនៃការកាត់ផ្តាច់សេដ្ឋកិច្ចដោយមានការសម្របសម្រួលគ្នាដ៏ធំបំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ បើប្រទេសទាំងឡាយ នៅតែជម្នះធ្វើអាជីវកម្មជាមួយទីក្រុងតេហេរ៉ង់ មិនថាតាមរយៈការផ្ទេរប្រាក់ ឬការទិញប្រេងរបស់ពួកគេនោះទេ ក្រសួងរតនាគារ និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នឹងប្រើប្រាស់កម្លាំង ព្រមទាំងអំណាចទាំងស្រុង ដើម្បីអនុវត្តវិធានការប្រឆាំងនឹងប្រទេសទាំងនោះ ហើយ។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent 

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីរូបនេះ មិនប្រាប់ឡើយថាតើវិធានការនោះមានអ្វីខ្លះ គ្រាន់តែបញ្ជាក់ថា ផែនការលម្អិតនឹងលាតត្រដាង ក្នុងសន្និសីទកាសែត នៅថ្ងៃទី២៤ ខែសីហាខាងមុខ។

រឿងនេះកើតឡើងបន្ទាប់ពីប្រមុខសេតវិមាន លោក ដូណាល់ ត្រាំ បានប្រកាសសង្គ្រាមសេដ្ឋកិច្ច ខ្លាំងក្លាបំផុត ដើម្បីផ្តាច់ដង្ហើមអ៊ីរ៉ង់ កាត់ផ្តាច់លំហូរនៃចំណូល និងធ្វើឲ្យទីក្រុងតេហេរ៉ង់ នៅឯកោ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ 

តាមរយៈសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ លោកត្រាំ ប្រកាសថា៖ បើប្រទេសណា ហ៊ានអនុញ្ញាតឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ អាជីវកម្ម អាកាសយានដ្ឋាន ឬស្ថាប័នរដ្ឋាភិបាលរបស់ខ្លួន ផ្តល់ជំនួយ ឬច្រកដកដង្ហើមគ្រប់ប្រភេទ ដល់អ៊ីរ៉ង់ នោះនឹងត្រូវប្រឈមមុខជាមួយ ផលវិបាកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរបំផុត ដោយខ្លួនឯង។ ការរត់ពន្ធប្រេង, ខ្សែបណ្តាញដោះដូរ, ការផ្ទេរប្រាក់សុទ្ធ, គ្រឹះស្ថានប្តូរប្រាក់, ការចុះបញ្ជីនាវា, និងក្រុមហ៊ុនស្រមោល ដែលរឿងទាំងអស់នេះ ត្រូវតែបញ្ឈប់ជាបន្ទាន់»។

ការប្រកាសរបស់លោកត្រាំនេះទៀតសោត កើតឡើងបន្ទាប់ពី MoU ៦០ថ្ងៃ ​រវាងអាមេរិក និងអ៊ីរ៉ង់ បានផុតកំណត់ ដោយ​ប្រទេសទាំងពីរស្ថិតក្នុងភាពជាប់​គាំង ហើយគ្មានកិច្ចព្រមព្រៀងជំនួស​ណាមួយ អាចមើល​ឃើញ​ឡើយ រហូត​ដល់​ពេលនេះ​៕

ព័ត៌មានទាក់ទង
×
Popup Banner