អ៊ីស្រាអែល កំពុងប្រឈមនឹង ចរន្តនៃការចាកចេញនៃក្រុមបញ្ញវន្ត និងអ្នកមានសមត្ថភាពជាន់ខ្ពស់ ប្រៀបបាននឹង «រលកយក្សស៊ូណាមិ» ដោយមនុស្សជិត ២៧ម៉ឺននាក់ ភាគច្រើនជាអ្នកមានការអប់រំខ្ពស់ និងមានប្រាក់ចំណូលខ្ពស់ បានសម្រេចចិត្តចាកចេញពីប្រទេសកំណើតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។

ផ្អែកលើទិន្នន័យពីការិយាល័យមជ្ឈិមស្ថិតិដែលបោះពុម្ពផ្សាយដោយសាកលវិទ្យាល័យ Tel Aviv កាលពីដើមខែសីហា បង្ហាញថា ទំហំនៃការធ្វើចំណាកស្រុកចេញបានហក់ឡើងយ៉ាងគំហក ដោយមានមនុស្សជាង ៨៦,៥០០ នាក់បានចាកចេញនៅក្នុងឆ្នាំ ២០២៣, ប្រហែល ៩១,៥០០ នាក់នៅក្នុងឆ្នាំ ២០២៤ និងចំនួនប្រហាក់ប្រហែលគ្នានេះត្រូវបានកត់ត្រានៅក្នុងឆ្នាំ ២០២៥។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៣, ២០១៤ និង ២០១៥ មានពលរដ្ឋត្រឹមតែ ៨៣,២១៩ នាក់ប៉ុណ្ណោះដែលបានចាកចេញពីអ៊ីស្រាអែល។
របាយការណ៍ពីអាជ្ញាធរពន្ធដារអ៊ីស្រាអែល ក៏បានបញ្ជាក់ពីការពិតនេះផងដែរ ដោយបានចង្អុលបង្ហាញថា ក្រុមមនុស្សដែលចាកចេញទាំងនោះ គឺជាអ្នកដែលស្ថិតនៅក្នុងក្រុមបង់ពន្ធកម្រិតខ្ពស់បំផុតក្នុងប្រទេស។
លោក Gilad Kariv ប្រធានគណៈកម្មាធិការសភារបស់អ៊ីស្រាអែល ទទួលបន្ទុកកិច្ចការចំណាកស្រុក និងសហគមន៍ជ្វីហ្វនៅក្រៅប្រទេស បានព្រមានថា ប្រទេសជាតិកំពុងរងគ្រោះដោយសាររលកស៊ូណាមិ នៃការចាកចេញ ខណៈដែលរដ្ឋាភិបាលមិនទាន់មានវិធានការណាមួយ ដើម្បីដោះស្រាយទាល់តែសោះ។
យ៉ាងណាមិញ ចំពោះមូលហេតុចម្បងនៃស្ថានភាពនេះ គឺផ្តើមចេញពីការបាត់បង់ទំនុកចិត្តលើនយោបាយ និងវដ្តនៃជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃ។ រលកនៃការចាកចេញបានកើនឡើងខ្លាំងនៅមុនការបោះឆ្នោតដ៏សំខាន់នៅចុងឆ្នាំនេះ ចំពេលដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ ងាកទៅរកនិន្នាការស្តាំនិយមជ្រុល និងរឹងត្អឹង។
ក្រុមសេរីនិយមបានចោទប្រកាន់រដ្ឋាភិបាលថា បានបំផ្លាញតម្លៃរដ្ឋមិនពាក់ព័ន្ធសាសនា និងការដកហូតឯករាជ្យភាពពីស្ថាប័នរដ្ឋ ជាពិសេសគឺប្រព័ន្ធតុលាការ តាមរយៈផែនការកាត់បន្ថយអំណាចត្រួតពិនិត្យរបស់តុលាការកាលពីឆ្នាំ ២០២៣ ដែលធ្លាប់បង្កឲ្យមានការតវ៉ាខ្នាតយក្សពីមនុស្សរាប់ម៉ឺននាក់ ។
មិនតែប៉ុណ្ណោះ កង្វល់សុវត្ថិភាពរបស់ក្រុមបញ្ញវន្តបានធ្លាក់ដល់ចំណុចកំពូល ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ និងប្រតិបត្តិការយោធាសងសឹករបស់អ៊ីស្រាអែលដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៧៣,០០០ នាក់នៅហ្គាហ្សា ព្រមទាំងបង្កឲ្យមានជម្លោះនៅសមរភូមិជាច្រើនមុខ ។ ទោះបីជាពួកគេមិនប្រឆាំងនឹងសង្គ្រាមក៏ដោយ ក៏មនុស្សជាច្រើនមានអារម្មណ៍ហត់នឿយ និងទាល់ច្រកនៅពេលដែលជម្លោះអូសបន្លាយគ្មានទីបញ្ចប់ ហើយរដ្ឋាភិបាលមិនអាចសម្រេចបាននូវជ័យជម្នះដូចដែលបានសន្យា៕


