Detail Top Banner – Conway

វៀតណាមសម្រេចបន្ថែមថវិកា ៣ពាន់លានដុល្លារ ពង្រីកផ្លូវរថភ្លើងភ្ជាប់ទៅចិន

រដ្ឋសភា​វៀតណាម បានសម្រេចអនុម័តការកែសម្រួលគម្រោងផ្លូវរថភ្លើងដ៏ធំមួយ ដែលតភ្ជាប់ទៅកាន់ប្រទេសចិន ដោយចាក់​បញ្ចូល​ទុន​វិនិយោគរហូតដល់ ៣ពាន់លានដុល្លារអាមេរិកបន្ថែមទៀត។

ការបន្ថែមថវិកានេះ បានធ្វើឱ្យទំហំទឹកប្រាក់សរុបនៃគម្រោងកើនឡើងដល់ប្រមាណ ២៨៩ទ្រីលានដុង ឬ​ស្មើនឹង ១៤ពាន់លានដុល្លារ ហើយប្រវែងផ្លូវរថភ្លើងសរុបក៏ត្រូវបានពង្រីកពី ៣៩១គីឡូម៉ែត្រ ទៅដល់ ៤២៦គីឡូម៉ែត្រផងដែរ។

ខ្សែផ្លូវរថភ្លើងមួយនេះ នឹងចាប់ផ្ដើមចេញពីខេត្ត Lao Cai នៅភាគខាងជើងជាប់ព្រំដែនចិន ឆ្លងកាត់រដ្ឋធានីហាណូយ រហូតទៅដល់ទីក្រុងកំពង់ផែដ៏សំខាន់ Haiphong។ លើសពីនេះ ផ្លូវរថភ្លើងនេះ ក៏ត្រូវរត់ឆ្លងកាត់ខេត្តមួយចំនួនទៀត ដូចជា Phu Tho, Bac Ninh និង Hung Yen ដែលជាតំបន់ប្រមូលផ្តុំទៅដោយសួនឧស្សាហកម្មសំខាន់ៗជាច្រើន។ តាមផែនការ រថភ្លើងនៅលើខ្សែផ្លូវនេះ អាចរត់ក្នុងល្បឿនរហូតដល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។

រដ្ឋាភិបាលវៀតណាម បានកំណត់គោលដៅបញ្ចប់ការសាងសង់ផ្លូវរថភ្លើងនេះឱ្យបានត្រឹមចុងឆ្នាំ២០៣០ ដោយគ្រោងប្រើប្រាស់ប្រាក់កម្ចីពីរដ្ឋាភិបាលចិន សម្រាប់ជួយទ្រទ្រង់ការចំណាយ។ គម្រោងនេះ គឺជាខ្សែផ្លូវរថភ្លើងមួយ ក្នុងចំណោមខ្សែផ្លូវរថភ្លើងទាំងបីដែលវៀតណាមបានរៀបចំផែនការ ដើម្បីតភ្ជាប់ទំនាក់ទំនងដឹកជញ្ជូន និងសេដ្ឋកិច្ចជាមួយប្រទេសចិនឱ្យកាន់តែជិតស្និទ្ធ៕

ព័ត៌មានទាក់ទង
×
Popup Banner