Detail Top Banner – Conway

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ បន្តិចទៀតយើងធ្វើកំពង់ផែពហុបំណងនៅក្រចេះ

ក្រចេះ៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីជួយជំរុញសក្ដានុពលសេដ្ឋកិច្ចក្នុងខេត្តស្ថិតនៅភូមិភាគឦសានឱ្យមានសម្ទុះខ្លាំងក្លា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថានឹងបង្កើតកំពង់ផែពហុបំណងនៅក្នុងខេត្តក្រចេះ ដែលអាចនឹងធ្វើឱ្យវិស័យពាណិជ្ជកម្មសេដ្ឋកិច្ច ក្នុងខេត្តភូមិភាគឦសានមានភាពប្រទាក់ក្រឡាគ្នា។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ក្រោមឥណទានសម្បទានពីធនាគារពិភពលោក នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះនៅខេត្តក្រចេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ខេត្តនៅភូមិភាគឦសានថ្វីត្បិតតែសក្ដានុពលខុសគ្នា តែការកសាងកំពង់ផែពហុបំណងនៅខេត្តក្រចេះនឹងធ្វើឱ្យខេត្តទាំងនេះពង្រឹងសក្ដានុពលតភ្ជាប់គ្នា និងអាចវិនិយោគរួមគ្នា។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា«បន្តិចទៀតយើងធ្វើកំពង់ផែពហុបំណងនៅក្រចេះ ព្រោះក្រចេះនៅក្នុងខេត្តទាំងបួនហ្នឹងគឺយើងគិតមើលគឺខេត្តមានសក្ដានុពលច្រើន ចឹងមិនមែនខាងស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កុំច្រណែនគេ យើងក៏មានសក្ដានុពលបស់យើងដែរ យើងសក្ដានុពលតំបន់ភ្នំ តំបន់មានធនធានធម្មជាតិមួយចំនួន ចឹងក្រចេះមានតំបន់រាបច្រើន មានផ្ទៃដីអាចធ្វើឧស្សាហកម្ម តែប្រទាក់ក្រឡាគ្នា កន្លែងខ្លះអាចផ្គុំគ្នារឿងទេសចរណ៍អីផ្សេងៗ ចឹងសុទ្ធតែសក្ដានុពលអាចធ្វើបាន ហើយនៅកន្លែងនេះជាតំបន់តភ្ជាប់ច្រើន»។

សូមរម្លឹកជូនថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន «ក.វ.ឦសាន» ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានរៀបចំកិច្ចជំនួបពិភាក្សាជាមួយធុរជនដើម្បីជំរុញការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» និង ផ្សព្វផ្សាយអំពីវិសាលភាពនៃកម្មវិធីពិសេស។

អង្គប្រជុំបានស្តាប់នូវបទបង្ហាញ អំពីទិដ្ឋភាពបច្ចេកទេសទាក់ទងនឹងអត្ថប្រយោជន៍នៃការលើកទឹកចិត្ត និងការសម្រួលនីតិវិធី ដែលកម្មវិធីពិសេសអាចផ្តល់ជូន តួយ៉ាងដូចជាការផ្តល់ការគាំទ្រពិសេសដល់សហគ្រាសធុនតូច និងមធ្យម ដោយបានបន្ធូរបន្ថយលក្ខខណ្ឌនៃទំហំទុនវិនិយោគអប្បបរមា ចាប់ពី ១០ម៉ឺនដុល្លារអាម៉េរិកឡើងទៅ គឺអាចស្នើសុំគោលការណ៍វិនិយោគពី ក.វ.ឦសាន ដើម្បីចុះបញ្ជីជា គ.ល.គ. បាន។

លើសពីនេះ សម្រាប់សកម្មភាពធុរកិច្ចដែលកំពុងដំណើរការក្នុងខេត្តទាំងបួន តែមិនទាន់បានចុះបញ្ជីពន្ធដារ ក៏អាចចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត រហូតដល់ដំណាច់ឆ្នាំ២០២៦ ហើយទទួលបានការលើកលែងនូវពិន័យទោសទណ្ឌ បំណុលពន្ធ និងការផាកពិន័យជាប្រាក់ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមកផងដែរ៕

ព័ត៌មានទាក់ទង
×
Popup Banner