Detail Top Banner – Conway

អាជ្ញាធរខេត្តស្វាយរៀង បង្ក្រាបទីតាំងសង្ស័យOnline Scam ២កន្លែងនៅបាវិត ឃាត់ខ្លួនជនជាតិចិន២២នាក់

អាជ្ញាធរខេត្តស្វាយរៀង បង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scam ចំនួន២កន្លែង នៅក្រុងបាវិត ឃាត់ខ្លួនជនបរទេសចំនួន២២នាក់។

ដោយអនុវត្តតាមអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្វាយរៀង សហការជាមួយអាជ្ញាធរក្រុងបាវិត បានចុះត្រួតពិនិត្យរដ្ឋបាលចំហលើទីតាំងសង្ស័យចំនួន ២កន្លែង ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ដោយបានឃាត់ខ្លួនជនជាតិចិនចំនួន២២នាក់ សង្ស័យជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។

ប្រតិបត្តិការនេះ ដឹកនាំដោយលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត រួមដំណើរដោយលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងនគរបាលខេត្ត និងកម្លាំងសមត្ថកិច្ចចម្រុះជាច្រើនរូប។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យលើទីតាំងទាំង២កន្លែង រួមមាន៖ ទីតាំងទី១ (ផ្ទះល្វែង ភូមិបាវិតលើ)៖ សមត្ថកិច្ចរកឃើញជនជាតិវៀតណាមស្នាក់នៅចំនួន ០២នាក់ (ស្រី ០១នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ និងពុំមានជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឡើយ , ទីតាំងទី២ (ដីជួល ភូមិតាពៅ)៖ សមត្ថកិច្ចបានរកឃើញជនជាតិចិនចំនួន ២២នាក់ (ប្រុសទាំងអស់) កំពុងស្នាក់នៅ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹងសកម្មភាព Online Scam។ ក្នុងនោះមានលិខិតឆ្លងដែនចំនួន ០៤ក្បាល និងគ្មានលិខិតឆ្លងដែនចំនួន ១៨នាក់។

កម្លាំងជំនាញបានដកហូតវត្ថុតាងមួយចំនួននៅទីតាំងទី២ រួមមាន៖ ទូរស័ព្ទដៃចម្រុះចំនួន ០៧គ្រឿង, ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន ២៦គ្រឿង, រថយន្ត ០១គ្រឿង (ម៉ាក Honda CR-V ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BN-1936) និងលិខិតឆ្លងដែនចំនួន ០៤ក្បាល។

បច្ចុប្បន្ន ដោយមានការឯកភាពពីតំណាងអយ្យការ កម្លាំងចម្រុះបានសម្រេចបិទទីតាំងសង្ស័យខាងលើជាបណ្តោះអាសន្ន ព្រមទាំងបញ្ជូនខ្លួនជនសង្ស័យជនជាតិចិនទាំង ២២នាក់ និងវត្ថុតាងទាំងអស់ ទៅកាន់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់៕

ព័ត៌មានទាក់ទង
×
Popup Banner