Detail Top Banner – Conway

ក្រសួងមហាផ្ទៃប្រើធម៌ក្តៅ ៖ មន្រ្តីផឹកស្រវឹង បើកបរហើយបង្កគ្រោះថ្នាក់ ប្រឈមបណ្តេញចេញពីក្របខណ្ឌ

ចាប់ពីពេលនេះតទៅ មន្ត្រីក្របខណ្ឌក្រសួងមហាផ្ទៃទាំងអស់ ទាំងស៊ីវិល ទាំងមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ប្រសិនរកឃើញថាបានបើកបរទាំងស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ គឺមិនត្រឹមតែប្រឈមមុខច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រូវប្រឈមការបណ្តេញចេញពីក្របខណ្ឌផងដែរ។ នេះបើតាមការលើកឡើងរបស់លោក ទូច សុខៈ អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ ដែលបញ្ជាក់ថា គោលការណ៍នេះត្រូវបានដាក់ចេញដោយឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦នេះ។

ជាងនេះទៅទៀត វិធានការក្តៅនេះមិនមែនអនុវត្តតែក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ឡើយ។ លោក ទូច សុខៈ បញ្ជាក់បន្ថែមថា មន្ត្រីទាំង៣ប្រភេទនេះ បើសិនជាទទួលទានគ្រឿងស្រវឹងហើយ ទៅរករឿងអ្នកដទៃ ដែលបង្កសកម្មភាពអសីលធម៌ក្នុងសង្គមតាមទីសាធារណៈនានា ក៏នឹងត្រូវប្រឈមមុខនឹងការបណ្ដេញចេញពីក្របខ័ណ្ឌដូចគ្នាផងដែរ។

ការដាក់ចេញ​វិធានការដ៏តឹងរ៉ឹងនេះ ធ្វើឡើងស្របពេលដែលកន្លងមក មានមន្រ្តីនគរបាលខ្លះ បន្ទាប់ពីស្រាចូលខ្លួន បានប្តូរអត្តចរិត ហើយប្រព្រឹត្តិល្មើសតួនាទី ដោយបង្កហិង្សាលើជនស៊ីវិល។ ​វាក៏ស្របពេលជាមួយការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងចាប់ផ្តើមអនុវត្តឡើងវិញនៅថ្ងៃទី០១ ខែកញ្ញា ខាងមុខនេះ។

ក្នុងរយៈពេល៧ខែឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ១ ៥៩០លើក មានអ្នកស្លាប់ជិត ១ពាន់នាក់ និងរងរបួសជាង ២ ៣០០នាក់៕

ព័ត៌មានទាក់ទង
×
Popup Banner