ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមានធ្ងន់ៗថា វាដល់ពេលដែលត្រូវបង្រៀនមេរៀនដល់កាណាដា អំពីរបៀបប្រព្រឹត្តខ្លួនហើយ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃទី ២៦ ខែសីហា បានថ្លែងព្រមានធ្ងន់ៗថា វាដល់ពេលដែលត្រូវបង្រៀនមេរៀនដល់កាណាដា អំពីរបៀបប្រព្រឹត្តខ្លួនហើយ។ ការលើកឡើងនេះបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរបរាជ័យ។

នៅក្នុង បទសម្ភាសន៍ជាមួយ លោក Glenn Beck ប្រធានាធិបតីរូបនេះបានបញ្ជាក់ថា «ខ្ញុំធ្លាប់មានកិច្ចព្រមព្រៀងមួយ ដែលវាជាកិច្ចព្រមព្រៀងដ៏ល្អបង្គួរមួយ។ ពួកគេ (កាណាដា) គ្មានអ្វីដែលយើងចាំបាច់ត្រូវតែមាននោះទេ យើងអាចរស់បាន។ ខ្ញុំចង់មានន័យថា វាអាចមានរឿងពីរបីដែលធ្វើឲ្យយើងរអាក់រអួលបន្តិចបន្តួច ប៉ុន្តែយើងអាចស្វែងរកវាពីកន្លែងផ្សេងបាន។ ដូច្នេះ វាដល់ពេលដែលត្រូវបង្រៀនកាណាដាហើយថា ពួកគេមិនអាចធ្វើបែបនេះទៀតទេ»។
កាលពីថ្ងៃសៅរ៍កន្លងទៅ លោក ត្រាំ បានសម្រេចដាក់ពន្ធថ្មីក្នុងកម្រិត ៥០% លើទំនិញនាំចូលពីកាណាដាដែលមានតម្លៃប្រមាណ ២០ ប៊ីលានដុល្លារ បន្ទាប់ពីកិច្ចចរចារវាងប្រទេសទាំងពីរបានដួលរលំ។ មិនតែប៉ុណ្ណោះ លោកក៏បានប្រកាសដាក់ពន្ធ ៥០% លើរថយន្ត និងគ្រឿងបន្លាស់រថយន្តរបស់កាណាដាផងដែរ ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី១ ខែមករា ខាងមុខ។
ភាគីខាងកាណាដា បានបង្ហើបថា មូលហេតុមួយដែលនាំឲ្យមិនអាចឈានដល់កិច្ចព្រមព្រៀង គឺដោយសារតែអាមេរិកបានបដិសេធមិនពន្យារពេលការលើកលែងពន្ធលើរថយន្តធុនមធ្យម និងធុនធ្ងន់។
ជាការឆ្លើយតបសងសឹកភ្លាមៗ កាណាដាបានប្រកាសដាក់ពន្ធសងសឹកលើទំនិញនាំចូលប្រចាំឆ្នាំពីអាមេរិកក្នុងតម្លៃប្រមាណ ២០ ប៊ីលានដុល្លារដូចគ្នា ព្រមទាំងបានបញ្ចេញកញ្ចប់ជំនួយសម្រាប់អាជីវកម្ម និងកម្មករ ដោយការដំឡើងពន្ធនេះគឺដំឡើងដុល្លារទល់នឹងដុល្លារស្មើគ្នាទៅនឹងវិធានការរបស់វ៉ាស៊ីនតោន។ ពន្ធសងសឹករបស់កាណាដានឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៨ ខែកញ្ញា តទៅ៕


