Detail Top Banner – Conway

រុស្ស៊ី ប្រើប្រាស់មីស៊ីលបាលិស្ទិកអាប់ដេតថ្មី «Iskander-1000» វាយប្រហារលើក្រុងកៀវ ជាលើកដំបូង

ភ្នាក់ងារចារកម្ម​យោធាអ៊ុយក្រែន (GUR) បានទម្លាយថា កងទ័ពរុស្ស៊ីបានបាញ់សាកល្បងមីស៊ីលបាលិស្ទិកធុនខ្លីអាប់ដេតថ្មី ប្រភេទ 9M723-2 ឬ​ហៅ​ថា «Iskander-1000» ជាលើកដំបូង ក្នុងប្រតិបត្តិការវាយប្រហារលើរដ្ឋធានីកៀវ កាលពីអំឡុងរដូវក្តៅកន្លងទៅ។ នេះ​បើយោងតាម​សារព័ត៌មាន Business Insider ចុះផ្សាយ​នៅ​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២៦។

មីស៊ីល Iskander-1000

មីស៊ីលជំនាន់ថ្មីនេះ ត្រូវបានកែលម្អម៉ាស៊ីន និងប្រព័ន្ធបាញ់ឱ្យកាន់តែធំ ដែលធ្វើឱ្យចម្ងាយបាញ់អតិបរមាកើនឡើងរហូតដល់ប្រមាណ ៥៤៧គីឡូម៉ែត្រ គឺឆ្ងាយជាងម៉ូឌែលចាស់ជិត ១៦០គីឡូម៉ែត្រ។ ការបង្កើនចម្ងាយបាញ់នេះ អនុញ្ញាតឱ្យប្រព័ន្ធបាញ់មីស៊ីល Iskander របស់រុស្ស៊ីអាចបោះទីតាំងប្រតិបត្តិការនៅជម្រៅជ្រៅពីក្រោយសមរភូមិ ដើម្បីកាត់បន្ថយហានិភ័យ ប៉ុន្តែនៅតែអាចគំរាមកំហែងដល់ទីក្រុងធំៗរបស់អ៊ុយក្រែនបានយ៉ាងងាយស្រួល។

ការប្រើប្រាស់អាវុធអាប់ដេតថ្មីនេះ បានធ្វើឱ្យប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែនកាន់តែប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរ ជាពិសេសប្រព័ន្ធ MIM-104 Patriot របស់អាមេរិក ដែលធ្លាប់តែជាអាវុធការពារដ៏មានប្រសិទ្ធភាពបំផុតប្រឆាំងនឹងមីស៊ីលបាលិស្ទិក។

បច្ចុប្បន្ន ក្រៅពីការផ្លាស់ប្តូរបច្ចេកទេស និងសមត្ថភាពបត់បែនរបស់មីស៊ីលរុស្ស៊ី ដែលធ្វើឱ្យពិបាកស្ទាក់ចាប់ អ៊ុយក្រែនក៏កំពុងប្រឈមមុខនឹងការខ្វះខាតគ្រាប់មីស៊ីលស្ទាក់ចាប់យ៉ាងខ្លាំង ដល់កម្រិតដែលយប់ខ្លះ អ៊ុយក្រែនមិនអាចបាញ់ស្ទាក់ចាប់មីស៊ីលរបស់រុស្ស៊ីបានសូម្បីតែមួយគ្រាប់។ ស្របពេលជាមួយគ្នានេះ រុស្ស៊ីក៏បានពង្រីកស្តុកអាវុធរបស់ខ្លួនបន្ថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការយោធាជាមួយកូរ៉េខាងជើង ដោយបានប្រើប្រាស់មីស៊ីល KN-23 (ដែលជាទម្រង់ចម្លងពី Iskander) ក្នុងការវាយប្រហារលើអ៊ុយក្រែនកាលពីពេលថ្មីៗនេះផងដែរ៕

ព័ត៌មានទាក់ទង
×
Popup Banner