ករណីយុវតីម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌដូនពេញ គឺជាការជួបគ្រោះថ្នាក់ដោយខ្លួនឯង ឯម៉ូតូមានបុរសម្នាក់ជួយយកទុកឲ្យប៉ុណ្ណោះ
នៅវេលាព្រលប់យប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌដូនពេញ ដែលយុវតីម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រាះដល់មន្ទីរពេទ្យ គឺជាឧប្បត្តិហេតុដោយខ្លួនឯង ហើយទ្រព្យសម្បត្តិពុំមានអ្នកលួចនោះឡើយ ។
លោកឧត្តមសេនីយ៍ឯកស្នងការ បញ្ជាក់បន្ថែមថា ៖ ករណីដដែលនេះ កម្លាំងសមត្ថកិច្ចជំនាញផែននគរបាលព្រហ្មទណ្ឌ កម្លាំងផែននគរបាលជំនាញចរាចរណ៍ សហការជាមួយនគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវយ៉ាងល្អិតល្អន់ នឹងបានរកឃើញថា ករណីនេះជាករណីឧប្បត្តិហេតុចរាចរណ៍ដោយឯកឯងប្រាកដមែន ហើយម៉ូតូរបស់គាត់ ពុំមានជនណាលួចនោះឡើយ ដោយផ្អែកតាមភស្តុតាង និងសាក្សជាច្រើន ដែលឋិតក្នុងហេតុការណ៍ តាំងពីពេលកើតហេុដំបូង រហូតដល់យុវតីរងគ្រោះទទួលមរណភាពនៅមន្ទីរពេទ្យ ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ៖ ក្នុងករណីនេះ មានបុរសម្នាក់ដែលឃើញហេតុការណ៍ បានចូលទៅជួយ គ្រាដែលយុវតីរងគ្រោះខាងលើធ្វើដំណើរដួលដោយខ្លួនឯងនៅលើមហាវិថីព្រះនរោត្តម បណ្តាលឲ្យរងរបួសធ្ងន់ ។ ពេលនោះ បុរសដែលបានឃើញហេតុការណ៍រូបនោះ ក៏បានជួយតាមរយៈការហៅម៉ូតូកង់បីដឹកយុវតីរងគ្រោះ ទៅកាន់មន្ទីរពេទ្យអង្គដួង ហើយបុរសរូបនោះ ក៏ជិះម៉ូតូជនរងគ្រោះអមទៅជាមួយយកទៅផ្ញើនៅមន្ទីរពេទ្យអង្គដួង ។
អ្នកនាំពាក្យដដែល បន្តថា កំឡុងគ្រានោះ គ្រូពេទ្យ នៃមន្ទីរពេទ្យអង្គដួង បញ្ជាក់ពីអាការៈរបួសរបស់យុវតីរងគ្រោះថា មានសភាពធ្ងន់ធ្ងរខ្លាំង ត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ លុះបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ ជនរងគ្រោះក៏បានស្លាប់ ពេលដល់មន្ទីរពេទ្យតែម្តងទៅ ។
គួររំលឹកថា ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅលើបណ្តោយមហាវិថីព្រះនរោត្តម ជាប់សាលាបឋមសិក្សាសិក្សាព្រះនរោត្តម ក្នុងមូលដ្ឋានខណ្ឌដូនពេញ ៕



