Detail Top Banner – Conway

ម៉ាឡេស៊ី​ប្រកាសអាសន្ន នៅ​តំបន់មួយ​ក្នុងរដ្ឋ Sarawak ដោយ​សារ​ផ្សែងអ័ព្ទពុលពី​ភ្លើងឆេះព្រៃ នៅឥណ្ឌូណេស៊ី​

ប្រទេស​ម៉ាឡេស៊ីបាន​ប្រកាសអាសន្ន​នៅក្នុងស្រុក Serian នៃរដ្ឋ Sarawak កាល​​ពីថ្ងៃសុក្រ បន្ទាប់ពីអ័ព្ទក្រាស់​​ពាក់​ព័ន្ធ​នឹង​ភ្លើងឆេះ​ព្រៃ និងដី peatland ក្នុង​ប្រទេសឥណ្ឌូណេស៊ី​ដែល​ជា​ប្រទេស​ជិតខាង បង្ក​ឱ្យការ​បំពុលខ្យល់ឡើងដល់កម្រិត​គ្រោះថ្នាក់។

ផ្សែង​ពុលនៅ​ម៉ាឡេស៊ី​

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ លោក​ Anwar Ibrahim និយាយក្នុងសេចក្តីថ្លែងការណ៍​មួយ​លើ​បណ្តាញ​សង្គម X ថា​៖ « ព្រះមហាក្សត្រ Sultan Ibrahim របស់​ប្រទេសម៉ាឡេស៊ី បាន​អនុម័តសេចក្តី​ប្រកាសអាសន្ន​អំពី​បញ្ហា​នេះ​»។

លោកបន្ថែមថា៖ « រដ្ឋាភិបាលនឹងបន្ត​តាមដានការវិវត្ត និងធានា​​ថា​​សកម្មភាព​ចាំបាច់ទាំងអស់​ត្រូវបានអនុវត្ត​យ៉ាងឆាប់រហ័ស រួមទាំងវិធានការកាត់បន្ថយ ក៏ដូចជាការផ្សព្វ​ផ្សាយព័ត៌មាន និងដំបូន្មាន​សុខភាពដល់សាធារណជន»។

សន្ទស្សន៍បំពុលខ្យល់(API) ក្នុងស្រុក​ Serian បាន​កើនឡើង​លើសពីកម្រិត​ ​៥០០ កាល​ពី​ថ្ងៃសុក្រ លើសពីកម្រិត​​ប្រកាសអាសន្ន។

គួរ​បញ្ជាក់​ថា អាជ្ញាធរម៉ាឡេស៊ីចាត់ថ្នាក់​​សន្ទស្សន៍​ខ្យល់​លើសពី ៣០០ ថាមានគ្រោះថ្នាក់។

រដ្ឋ Sarawak ខាង​ប្រទេសម៉ាឡេស៊ីនៃកោះ Borneo បាន​រងផលប៉ះពាល់យ៉ាងខ្លាំងដោយ​ផ្សែងពីភ្លើងឆេះព្រៃ និងដី peatland ក្នុងតំបន់ Kalimantan របស់ប្រទេសឥណ្ឌូណេស៊ី។

ប្រទេសម៉ាឡេស៊ី​កាល​ពី​ថ្ងៃព្រហស្បតិ៍នេះ​បានចាប់ផ្តើមប្រតិបត្តិការ​សាបព្រួស​ពពករយៈពេល​ ៣ថ្ងៃ នៅរដ្ឋ​ Sarawak ដើម្បី​បំពេញកម្រិតទឹកទំនប់ និងបន្ធូរបន្ថយ​អ័ព្ទ។

ការ​សាបព្រួសពពកពាក់ព័ន្ធនឹងការបំបែក​ភាគល្អិតចូលទៅក្នុងពពកសមស្រប ដើម្បីជំរុញឱ្យមានភ្លៀងធ្លាក់​។

ប្រទេសឥណ្ឌូណេស៊ីក៏បាន​អនុវត្តប្រតិបត្តិការសាបព្រួសពពកដែរ ខណៈប្រទេស​នេះ​​កំពុងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃ និងដីព្រៃដែល​រីករាលដាលយ៉ាងទូលំ​ទូលាយ។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី លោក Berton Panjaitan ប្រាប់ទី​ភ្នាក់​ងារ​ Anadolu កាល​ពី​ថ្ងៃសុក្រថា ប្រតិបត្តិការត្រូវ​បានធ្វើឡើង​ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ដើម្បីប្រើប្រាស់ទឹកភ្លៀងដែល​មាន បង្កើនសំណើម​នៅក្នុងដី និងដីព្រៃ ទប់ស្កាត់ភ្លើងឆេះ​ដែលមានស្រាប់ និងការពារភ្លើងឆេះថ្មី។

លោក​លើក​ឡើង​ថា​៖ « ប្រទេសឥណ្ឌូណេស៊ីបានដាក់ពង្រាយយន្ត​ហោះសរុបចំនួន ៣៤គ្រឿង ដើម្បីគាំទ្រដល់ប្រតិបត្តិការសាបព្រួស​ពពក ឬ Operasi Modifikasi Cuaca (OMC) នៅក្នុង​តំបន់អាទិភាពផ្សេងៗគ្នា»៕

ព័ត៌មានទាក់ទង
×
Popup Banner