ការិយាល័យប្រធានាធិបតីនៃនៃប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae-Myung) និងប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើសន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមួយនៅទីក្រុងប៉ារីសកាលពីថ្ងៃទី៨ ខែកញ្ញា ប៉ុន្តែមិនបានពាក់ព័ន្ធនឹងការដាក់ពង្រាយកងទ័ពនោះទេ។

លោក លី ជេម្យុង ដែលកំពុងបំពេញទស្សនកិច្ចនៅបារាំង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាថា លោកបានពិភាក្សាអំពីច្រកសមុទ្រ Hormuz ជាមួយលោក ម៉ាក្រុង ដែលជាផ្នែកមួយនៃកិច្ចពិភាក្សាដ៏ទូលំទូលាយស្តីពីបញ្ហាសន្តិសុខអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយនៃសារព័ត៌មាន japantimes។
លោក លី បានលើកឡើងថា «កូរ៉េខាងត្បូង និងបារាំងបានព្រមព្រៀងគ្នា បន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីឲ្យសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz និងស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល អាចត្រូវបានស្តារឡើងវិញយ៉ាងឆាប់រហ័ស»។
នៅក្នុងសន្និសីទសង្ខេបព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូល ទីប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង លោក Wi Sung-lac បាននិយាយថា កិច្ចពិភាក្សាបានផ្តោតលើរបៀបដែលកូរ៉េខាងត្បូងអាចរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខដែនសមុទ្រនៅក្នុងច្រកសមុទ្រនេះ ជាជាងការដាក់ពង្រាយកងទ័ព។
លោកក៏បានបន្តទៀតថា អ៊ីរ៉ង់បានសម្តែងការចាប់អារម្មណ៍ និងស្វែងរកការបំភ្លឺតាមរយៈបណ្តាញការទូត បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអំពីតួនាទីដែលអាចមានរបស់កូរ៉េខាងត្បូង នៅក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិសុខនៅច្រកសមុទ្រ Hormuz ។ ការត្រួតពិនិត្យរបស់ទីក្រុងសេអ៊ូល លើជម្រើសនៃការរួមចំណែកនៅច្រក Hormuz គឺមិនពាក់ព័ន្ធនឹងការពិភាក្សាអំពីការវិនិយោគរបស់អាមេរិកនោះទេ ដោយបានបដិសេធចំពោះការលើកឡើងថា បញ្ហាទាំងពីរនេះមានការផ្សារភ្ជាប់គ្នា។
ដោយឡែក ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានថ្លែងថា របាយការណ៍ដែលថា អាមេរិកបានកំណត់ឱសានវាទឲ្យទីក្រុងសេអ៊ូលបញ្ជូនឧបករណ៍សម្រាប់ធ្វើសង្គ្រាមទៅកាន់ច្រកសមុទ្រ Hormuz គឺមិនពិតនោះទេ។ ជាក់ស្ដែង ខ្លួនកំពុងពិនិត្យមើលជម្រើសផ្សេងៗ រួមទាំងវិធានការយោធា ដើម្បីរួមចំណែកដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ Hormuz ខណៈពេលដែលកំពុងបដិសេធរបាយការណ៍ដែលថា ការសម្រេចចិត្តដាក់ពង្រាយត្រូវបានធ្វើឡើងរួចហើយនោះ។
ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីខែសីហា ក្នុងការកាត់បន្ថយសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ដែលលោកបានអះអាងថា មួយផ្នែកគឺដោយសារតែតែកូរ៉េខាងត្បូងបានបដិសេធមិនជួយទីក្រុងវ៉ាស៊ីនតោន នៅក្នុងជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់។
សូមបញ្ចាកដែរថា កូរ៉េខាងត្បូងកំពុងស្ថិតក្នុងស្ថានភាពដ៏តានតឹង ពិបាកដកដង្ហើម ដោយម្ខាងត្រូវរងសម្ពាធពីអាមេរិកឲ្យជួយ ម្ខាងត្រូវបារម្ភពីការព្រមានរបស់អ៊ីរ៉ង់ និងម្ខាងទៀតត្រូវការពារប្រភពប្រេងរបស់ខ្លួន។ ហេតុនេះហើយ ទើបទីក្រុងសេអ៊ូលប្រកាសប្រាប់ពិភពលោកថា ខ្លួនគ្រាន់តែជជែកពីជម្រើសជួយផ្នែកផ្សេងៗ (ដូចជាភស្តុភារ ឬការសម្របសម្រួល ជាមួយបារាំងប៉ុណ្ណោះ មិនមែនជាការបញ្ជូនកងទ័ពទៅធ្វើសង្គ្រាមឡើយ៕


