នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្ក្រាបករណីឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពលួងលោមស្នេហា ដោយឃាត់ខ្លួនជនសង្ស័យជាស្ត្រីជនជាតិខ្មែរម្នាក់ ដែលពាក់ព័ន្ធនឹងការលក់លេខទូរសព្ទ និងគណនីធនាគាររបស់ខ្លួនឱ្យទៅក្រុមឧក្រិដ្ឋជន ដើម្បីប្រើប្រាស់ក្នុងការទទួលប្រាក់ដែលបានមកពីអំពើឆបោក។ នេះ បើតាមការផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងតាមបញ្ជាដឹកនាំរបស់ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ។ ប្រភពបានឱ្យដឹងថា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចាប់ផ្ដើមបើកការស្រាវជ្រាវ និងបង្ក្រាបករណីខាងលើ។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១រូប ឈ្មោះ ស.ច.ណ ភេទស្រី ជនជាតិខ្មែរ។
តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះបានលក់លេខទូរសព្ទ និងគណនីធនាគាររបស់ខ្លួនឱ្យទៅក្រុមឧក្រិដ្ឋជន ហើយទទួលបានប្រាក់កម្រៃពីអំពើទុច្ចរិតនេះ។ ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់លេខទូរសព្ទ និងគណនីធនាគារនោះជាមធ្យោបាយទទួលផលបទល្មើស នៃអំពើឆបោកប្រាក់របស់ប្រជាពលរដ្ឋ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរម្លឹកដល់សាធារណជន សូមកុំផ្ដល់ ឬលក់លេខទូរសព្ទ និងគណនីធនាគារផ្ទាល់ខ្លួនទៅឱ្យជនដែលមិនស្គាល់ប្រភពច្បាស់លាស់ ដើម្បីយកទៅប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើស ព្រោះអាចនឹងត្រូវប្រឈមមុខនឹងការទទួលខុសត្រូវ និងទោសទណ្ឌតាមផ្លូវច្បាប់ជាធរមាន៕




