ប្រតិកម្មទៅនឹងសម្តីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថ្លែងជាសាធារណៈថា អ៊ីរ៉ង់ កំពុងប្រញាប់ចង់បានកិច្ចព្រមព្រៀងនោះ ស្រាប់តែទីក្រុងតេហេរ៉ង់ ចេញមុខតបតទៅវិញថា ខ្លួននឹងមិនចរចាដាច់ខាត ដរាបណាទីក្រុងវ៉ាស៊ីនតោន មិនធ្វើតាមលក្ខខណ្ឌដែលខ្លួនដាក់ទៅ។

នេះគឺជាគោលជំហរដ៏ម៉ឺងម៉ាត់ របស់អគ្គលេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់អ៊ីរ៉ង់ Mohsen Rezaei។ លោកបានចេញសារខ្លាំងៗ លើបណ្តាញសង្គម X កាលពីថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ និងត្រូវបានដកស្រង់ផ្សាយដោយសារព័ត៌មាន Middle East Eye ដែលបញ្ជាក់យ៉ាងច្បាស់ថា៖ «កុំចាញ់បោក ការបញ្ជូនសញ្ញាផ្ទុយគ្នា របស់ប្រធានាធិបតីអាមេរិក ឱ្យសោះ ដែលនិយាយ តាំងពីពាក្យថា គ្មានការចរចា រហូតមកដល់ពាក្យ យើងត្រៀមខ្លួនជាស្រេច ក្នុងការនិយាយគ្នា។ ស្ថានការណ៍ជុំវិញបញ្ហាប្រេង និងច្រកសមុទ្រ ត្រូវបានផ្លាស់ប្តូរហើយ។ វិធានការទប់ស្កាត់ ការខូចខាត នឹងមិនអាចបញ្ឈប់អ្វី ដែលជិតមកដល់បានឡើយ។ គ្មានការចរចាណាមួយកើតឡើងទេ រហូតទាល់តែលក្ខខណ្ឌរបស់អ៊ីរ៉ង់ ត្រូវបានឆ្លើយតប។ មិនបាច់និយាយច្រើនទេ!»។

សារបង្ហោះនេះ កើតឡើងមិនយូរប៉ុន្មានក្រោយពេលលោក ត្រាំ ក៏បង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែរ ដោយអះអាងថា អ៊ីរ៉ង់ ចង់បានកិច្ចព្រមព្រៀងលឿនៗ ហើយអាមេរិក បើកចំហទ្វារជានិច្ច សម្រាប់ការចរចា។
ក្នុងសាររបស់លោកត្រាំ លើ Truth Social៖ ប្រជាជាតិអ៊ីរ៉ង់ ដែលកំពុងបរាជ័យ កំពុងចង់បានកិច្ចព្រមព្រៀងមួយយ៉ាងខ្លាំង និងប្រញាប់ប្រញាល់បំផុត។ ខ្ញុំនឹងធ្វើការសម្រេចចិត្តថា តើសហរដ្ឋអាមេរិកនឹងជ្រើសរើសយកការចរចាដែរឬទេ ដែលតាមពិតទៅ យើង បើកចិត្តចំពោះគំនិតមួយនេះ ជានិច្ច។

អាមេរិក-អ៊ីរ៉ង់ នៅតែមិនត្រូវរ៉ូវគ្នា លើលក្ខខណ្ឌស្នូលមួយចំនួន ក្នុងដំណើរឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព ខណៈក្នុងនោះមាន ៣ចំណុចសំខាន់ដែលពាក់ព័ន្ធច្រកសមុទ្រ Hormuz, បញ្ហានុយក្លេអ៊ែរ និងការធានាសន្តិសុខ។
ទាក់ទិនច្រក Hormuz, អ៊ីរ៉ង់បានជំរុញ និងបញ្ជាក់ច្បាស់ៗថា ខ្លួនមិនបើកផ្លូវទឹកយុទ្ធសាស្ត្រនេះឡើងវិញ ឬធានាសុវត្ថិភាព ដល់ការដឹកជញ្ជូនផ្លូវសមុទ្រឡើយ ដរាបណាអាមេរិក មិនព្រមដកការបិទខ្ទប់ផ្លូវទឹក និងវិធានការសេដ្ឋកិច្ច ប្រឆាំងនឹងខ្លួននោះទេ។
ចំពោះបញ្ហានុយក្លេអ៊ែរ ភាគីទាំងពីរ នៅតែមិនទាន់និយាយគ្នាដាច់ស្រេច ចំណែកការធានាសន្តិសុខវិញ ទីក្រុងតេអេរ៉ង់ ទាមទារម្តងហើយម្តងទៀតថា រាល់សកម្មភាពយោធា និងការវាយប្រហារនាពេលកន្លងមក នឹងមិនត្រូវកើតមានជាថ្មីទៀតឡើយ មុនពេលឈានទៅចាប់ផ្តើមផ្លូវការទូតឡើងវិញ៕


