សមត្ថកិច្ចខណ្ឌទួលគោក ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីឃាតកម្មលើនារីបុគ្គលិកលក់រថយន្ត ក្រោយជួបជុំផឹកស៊ី
នារីជាបុគ្គលិកលក់រថយន្តម្នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅជាន់ទី២ ផ្ទះលេខ២៤១ ផ្លូវលេខ១៤៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីវេលាម៉ោង ៥:០០នាទីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ហេតុការណ៍នេះបានបន្សល់ទុកនូវការសង្ស័យថាជាករណីហិង្សារហូតដល់ស្លាប់ ក្រោយពីមានការជួបជុំផឹកស៊ី និងប្រើប្រាស់គ្រឿងញៀន។

ជនរងគ្រោះមានឈ្មោះ កឹម ម៉ារ៉ា អាយុ៣២ឆ្នាំ ជាបុគ្គលិកលក់រថយន្ត រស់នៅក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។ ចំណែកជនសង្ស័យពាក់ព័ន្ធមាន ២នាក់ រួមមាន៖ ១. ឈ្មោះ ស៊ន គីមអៃ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នកទិញលក់រថយន្ត (ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន) ២. ឈ្មោះ ថាន ស្រីពី ភេទស្រី អាយុ២៦ឆ្នាំ ជាម្ចាស់បន្ទប់កើតហេតុ (បានគេចខ្លួនបាត់)។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ជនរងគ្រោះបានជួបជុំផឹកស៊ីជាមួយមិត្តភក្តិនៅកន្លែងលក់រថយន្ត ដោយមានការចូលរួមពីឪពុករបស់នាងផងដែរ។ លុះដល់វេលាម៉ោងប្រមាណ ៣និង៤១នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ជនរងគ្រោះ និងមិត្តភក្តិទាំង២នាក់ បានបន្តទៅបន្ទប់ជួលកើតហេតុដើម្បីប្រើប្រាស់គ្រឿងញៀន។

នៅព្រឹកឡើង ពេលជនរងគ្រោះមានអាការមិនស្រួល ក្រុមជនសង្ស័យបានហៅរថយន្តសាម៉ុយមកដឹកទៅមន្ទីរពេទ្យ ប៉ុន្តែគ្រូពេទ្យបានបញ្ជាក់ថា នាងបានស្លាប់បាត់បង់ជីវិតទៅហើយ។ ភ្លាមៗនោះ ជនសង្ស័យជាស្ត្រីបានគេចខ្លួនបាត់ ខណៈជនសង្ស័យប្រុស ឈ្មោះ ស៊ន គីមអៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច រូបគេបានសារភាពថា ខ្លួនពិតជាបានវាយ និងទះកំផ្លៀងជនរងគ្រោះមែន ប៉ុន្តែក្នុងចេតនា “ដើម្បីសង្គ្រោះ” បន្ទាប់ពីឃើញនាងសន្លប់ស្ដូកស្ដឹងក្រោយប្រើប្រាស់គ្រឿងញៀន។


ជាមួយគ្នានោះ បើតាមការពិនិត្យកោសល្យវិច័យរបស់លោកវេជ្ជបណ្ឌិត ជាង រ៉េន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានរកឃើញស្នាមជាំហើមនៅលើផ្ទៃមុខ និងភ្នែកទាំងសងខាងរបស់សព ហើយបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ “ការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ពីការវាយប្រហារលើផ្ទៃមុខ” ព្រមទាំងមានផ្ទុកសារធាតុញៀនប្រភេទ K និងអិចស្តាស៊ី (Ecstasy) នៅក្នុងខ្លួនផងដែរ។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា និងកំពុងបន្តនីតិវិធីច្បាប់លើជនសង្ស័យដែលឃាត់ខ្លួនបាន ព្រមទាំងស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនជនសង្ស័យម្នាក់ទៀតដែលកំពុងគេចខ្លួន៕


