Detail Top Banner – Conway

ចិន និងរុស្ស៊ី ប្រើ​សិទ្ធិវេតូ បញ្ចប់​អាណត្តិ​ក្រុមអ្នកជំនាញ UN ដែល​ត្រួត​ពិនិត្យ​ទណ្ឌកម្ម​លើអ៊ីរ៉ង់​

ប្រទេស​រុស្ស៊ី និងចិន បាន​ប្រើសិទ្ធិបដិសេធ​ «វេតូ (veto)» ប្រឆាំង​នឹង​សេចក្តី​សម្រេចចិត្ត​មួយ​ ​គាំទ្រដោយសហរដ្ឋ អាមេរិក​នៅ​​ក្នុងក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ (UN) ដោយនឹង​អនុញ្ញាតឱ្យអ្នកជំនាញ​របស់​ UN បន្ត​តាមដាន ដើម្បី​​​ដាក់​​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់។​ នេះបើយោង​តាម​សារព័ត៌មាន Al Jazeera និង Reuters ផ្សាយ​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៦ ។

កិច្ចប្រជុំ​របស់​ UN​ 

សេចក្តីសម្រេចចិត្ត​នោះ​ ​​ត្រូវបាន​ច្រានចោលកាល​ពីថ្ងៃព្រហស្បតិ៍​​ នឹងពង្រីក​អាណត្តិសម្រាប់​តាមដានដោយ​ឯករាជ្យនូវទណ្ឌកម្មនានា ដែល​​​ត្រូវបានដាក់ឡើងវិញ​កាល​ពីឆ្នាំមុន បន្ទាប់ពីបណ្តា​ប្រទេសលោកខាង​លិច​ចោទប្រកាន់អ៊ីរ៉ង់​ថា​ បានរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ឆ្នាំ​ ២០១៥​ ។ យ៉ាង​ណា​ទីក្រុងតេហេរ៉ង់​បាន​បដិសេធ​ថា​ ខ្លួនមិន​បានស្វែងរក​អាវុធ​នុយក្លេអ៊ែរ ឬរំលោភលើកិច្ចព្រមព្រៀងឡើយ។

ឯកអគ្គរដ្ឋ​ទូតរុស្ស៊ីប្រចាំ UN, លោក Vassily Nebenzia បាន​ថ្លែង​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​ បន្ទាប់ពីការបោះឆ្នោត​ថា៖ «យើង​សូម​ជំរុញ​យ៉ាងមុតមាំ​​ដល់ភាគីលោកខាងលិច​ឱ្យបញ្ឈប់​សកម្មភាព​ដ៏គ្រោះ​ថ្នាក់​របស់ពួកគេ​ពាក់ព័ន្ធនឹងបញ្ហា​អ៊ីរ៉ង់ ព្រោះ​វា​​ជា​គំរាមកំហែង ​ធ្វើឱ្យការដោះ​ស្រាយវិបត្តិ​នៅឈូងសមុទ្រពែរ្សកាន់តែមានភាពស្មុគស្មាញ​ថែមទៀត»។

គួរ​បញ្ជាក់​ថា ក្រុម​ប្រឹក្សាសន្តិសុខធ្លាប់​​បានបង្កើតគណៈកម្មការអ្នក​ជំនាញឯករាជ្យមួយ​ឡើង​វិញ ដើម្បីតាមដាននិងរាយការណ៍​អំពីការ​រំលោភលើវិធាន​ការដាក់ទណ្ឌកម្មលើ​​អ៊ីរ៉ង់ រួមទាំងការផ្តល់​អនុ​សាសន៍លើវិធានការ​បន្ថែមផ្សេងៗទៀត។

ប៉ុន្តែអ្នកជំនាញ​ទាំងនោះ​មិនត្រូវបានតែងតាំងឡើយ ដោយសារមាន​ការខ្វែងគំនិតគ្នា​ក្នុងចំណោមរដ្ឋសមាជិក ដែល​​​មិនអាចសម្រេចបាន​នូវ​ការឯកភាព​គ្នា​ នៅ​ក្នុងក្រុមប្រឹក្សាសន្តិសុខដែល​មានសមាជិកចំនួន ​១៥ ប្រទេស។

កាល​ពី​ថ្ងៃព្រហស្បតិ៍ សមាជិកចំនួន ១១ប្រទេស​​ បានបោះឆ្នោតគាំទ្រ​ការបន្ត​អាណត្តិរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងការតាមដានការអនុវត្ត​ទណ្ឌកម្ម ខណៈប្រទេសប៉ាគីស្ថាន និងសូម៉ាលី បាន​សម្រេចចិត្តមិន​ចូលរួមបោះឆ្នោត​។

គណៈ​ប្រតិភូអ៊ីរ៉ង់ប្រចាំ UN ថ្លែងអំណរគុណ​ដល់ប្រទេសរុស្ស៊ី និងចិន លើ​​ការ​ជំទាស់នឹងសេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់អាមេរិក ដែល​អ៊ីរ៉ង់ចាត់ទុកថា​ជា​ចេតនានយោបាយ។ អ៊ីរ៉ង់​ថា ប្រទេសទាំង​ពីររារាំងការប៉ុន​ប៉ងដ៏អាក្រក់មួយ​ទៀតរបស់​អាមេរិកនិងសម្ព័ន្ធមិត្ត ក្នុង​ការប្រើប្រាស់​ក្រុមប្រឹក្សាសន្តិសុខ​ ដើម្បីផលប្រយោជន៍នយោបាយ​ប៉ុណ្ណោះ​៕

 

ព័ត៌មានទាក់ទង
×
Popup Banner