Detail Top Banner – Conway

មន្រ្តីក្រសួងបរិស្ថាន ចាត់វិធានការបន្ទាន់ គ្រប់គ្រងករណីប្រេងហូរចេញពីទូរថភ្លើងក្រឡាប់នៅបាត់ដំបង

(បាត់ដំបង)៖ មន្រ្តីក្រសួងបរិស្ថាន បានបន្តសហការយ៉ាងជិតស្និទ្ធជាមួយមន្រ្តីរដ្ឋបាលមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ រយៈពេលពេញមួយថ្ងៃ ទាំងថ្ងៃ ទាំងយប់ ដើម្បីចាត់វិធានការឆ្លើយតបជាបឋម ចំពោះករណីប្រេងហូរចេញពីទូរថភ្លើងដឹកប្រេងក្រឡាប់ កាលពីថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចគីឡូម៉ែត្រលេខ២៧៧ ស្ថិតក្នុងសង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រុមការងារជំនាញក្រសួងបរិស្ថាន រួមជាមួយមន្ទីរបរិស្ថានខេត្ត បានចាត់វិធានការឆ្លើយតប និងគ្រប់គ្រងបរិស្ថាន ដោយផ្តោតលើការការពារសុវត្ថិភាពជាចម្បង។ ពួកគេបានណែនាំប្រជាពលរដ្ឋឱ្យពាក់ម៉ាស់ និងមិនអនុញ្ញាតឱ្យចូលទៅជិត ឬដងយកប្រេងដែលកំពប់នោះឡើយ ដើម្បីបង្ការគ្រោះថ្នាក់អគ្គិភ័យ និងកាត់បន្ថយការប៉ះពាល់ផ្ទាល់ជាមួយសារធាតុគីមី។ ក្នុងពេលជាមួយគ្នានេះ រថយន្តបង្ការ និងពន្លត់អគ្គិភ័យជាច្រើនគ្រឿង ត្រូវបានបញ្ជូនឱ្យប្រចាំការនៅទីតាំងកើតហេតុជាស្រេច។

មន្រ្តីជំនាញកំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Royal Railway Cambodia ដើម្បីដោះស្រាយ និងស្តារស្ថានភាពនៅកន្លែងកើតហេតុឡើងវិញ។ យោងតាមរបាយការណ៍បឋម គ្រោះថ្នាក់នេះបណ្តាលឱ្យក្រឡាប់ទូរដឹកប្រេងចំនួន ៥ទូរ រួមមានប្រេងម៉ាស៊ូត ៣ទូរ និងប្រេងសាំង ២ទូរ។ ប្រេងម៉ាស៊ូតប្រមាណ ៩០ ០០០ ទៅ ១០០ ០០០លីត្រ ត្រូវបានលេចធ្លាយចូលទៅក្នុងប្រឡាយ និងដីនៅក្នុងតំបន់ជុំវិញ។

ដើម្បីគ្រប់គ្រងការហូរច្រោះនៃប្រេងនេះ ក្រុមការងារបានណែនាំឱ្យរៀបចំរណាំងឈើចំនួន ៣ទីតាំងនៅក្នុងប្រឡាយ ដើម្បីទប់ស្កាត់ការហូរសំណល់ប្រេងទៅទីតាំងផ្សេងទៀត។ បន្ទាប់មក ត្រូវបូមប្រេងដែលហូរចេញពីទូរថភ្លើងយកទៅទុកដាក់ដោយសុវត្ថិភាព និងដាក់ពង្រាយចំប៉ើងនៅតាមប្រព័ន្ធទឹកប្រឡាយក្បែរនោះ ដើម្បីឃាត់ប្រេងដែលនៅសេសសល់។

ក្រសួងបរិស្ថាននឹងបន្តសហការជាមួយអាជ្ញាធរលើការគ្រប់គ្រងបរិស្ថាននេះជាបន្តបន្ទាប់ ស្របតាមបទដ្ឋានបច្ចេកទេសបរិស្ថាន និងច្បាប់ជាធរមាន ដើម្បីធានាថាផលប៉ះពាល់ដល់បរិស្ថាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយមកត្រឹមកម្រិតទាបបំផុត៕

 

 

ព័ត៌មានទាក់ទង
×
Popup Banner