បក្សកុម្មុយនីស្តចិន បណ្តេញអតីតនាយឧត្តមសេនីយ៍២រូប ចេញពីបក្ស និងជួរកងទ័ព ដោយសារការល្មើសវិន័យ និងច្បាប់ ក្នុងរឿងស៊ីសំណូក
បន្ទាប់ពីការដាក់ចាប់ឃុំខ្លួន និង ដាក់ឲ្យស្ថិតនៅក្រោមការស៊ើបអង្កេតតាំងពីខែមករាឆ្នាំ២០២៦ នាយឧត្តមសេនីយ៍យោធាជាន់ខ្ពស់ពីររូបរបស់ចិន គឺ លោក Zhang Youxia និង លោក Liu Zhenli ដែលជាសមាជិកកំពូលរបស់បក្សកុម្មុយនីស្តចិន (CPC) ត្រូវបានបណ្តាញចេញពីបក្ស ដោយសារការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យ និងច្បាប់។

យោងសារព័ត៌មាន Chinadaily ថ្នាក់ដឹកនាំនៃបក្សកុម្មុយនីស្តចិន (CPC) បានដាក់ចេញសម្រេចចិត្តនៅថ្ងៃចន្ទ បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលប្រមាណ១០ខែ ចាប់តាំងពីខែមករាដើមឆ្នាំនេះ និង រកឃើញថា នាយឧត្តមសេនីយ៍ទាំងពីររូបនេះ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើវិន័យ និងច្បាប់។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ (Xinhua) របស់ប្រទេសចិន បានរាយការណ៍ថា កិច្ចប្រជុំនៃគណៈកម្មាធិការនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអនុម័តលើរបាយការណ៍របស់គណៈកម្មាធិការយោធាមជ្ឈិម (CMC) ស្តីពីការចាត់វិធានការលើសំណុំរឿងរបស់ លោក Zhang និងលោក Liu បន្ទាប់ពីបានពិភាក្សាយ៉ាងល្អិតល្អន់។
សេចក្តីរាយការណ៍ដដែល បានឲ្យដឹងថា លោក Zhang ធ្លាប់បានបម្រើការជាសមាជិកគណៈកម្មាធិការនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម ខណៈដែលលោក Liu ធ្លាប់ធ្វើជាសមាជិកគណៈកម្មាធិការយោធាមជ្ឈិម (CMC)និងជាប្រធានប្រធានសេនាធិការចម្រុះនៃនាយកនាយកដ្ឋានចម្រុះ នៃនៃគណៈកម្មាធិការយោធាមជ្ឈិម។
សេចក្តរាយការណ៍នោះ បានបន្តថា គណៈកម្មការអធិការកិច្ចវិន័យនៃគណៈកម្មាធិការយោធាមជ្ឈិម បានបើកការស៊ើបអង្កេតលើលោក Zhang និងលោក Liu ហើយ ការស៊ើបអង្កេតបានរកឃើញថា លោក ទាំងពីរ បានក្បត់បំណងប្រាថ្នា និងបេសកកម្មដើមរបស់ពួកគេ ដោយបានចាកចេញឆ្ងាយពីបក្ស បោះបង់ចោលគោលការណ៍បក្ស និងបានឆ្លងខ្សែបន្ទាត់ក្រហម។ ពួកគេ បានបង្កើតបក្សពួកនិយម ហើយគ្មានភក្តីភាព និងគ្មានភាពស្មោះត្រង់ចំពោះបក្សនោះឡើយ។
លោកទាំងពីរ ក៏ត្រូវបានរកឃើញថា បានទទួលអំណោយ (កាដូ) និងប្រាក់ដោយខុសច្បាប់ ហើយបានកេងចំណេញពីតំណែងរបស់ពួកគេ ដើម្បីជួយអ្នកដទៃក្នុងការឡើងតំណែង និងកិច្ចការផ្សេងៗទៀត ជាថ្នូរនឹងការទទួលបានប្រាក់សំណូកយ៉ាងច្រើន។
Chinadaily បានបន្ថែមថា នាយកឧត្តមសេនីយ៍ទាំងពីររូបនេះ បានបរាជ័យក្នុងការបំពេញការទទួលខុសត្រូវរបស់ខ្លួនក្នុងការអនុវត្តការគ្រប់គ្រងស្វ័យតម្លាភាពបក្សឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ព្រមទាំងបានព្រងើយកណ្តើយក្នុងការអប់រំ និងការគ្រប់គ្រងក្រុមគ្រួសារ និងបុគ្គលិកក្រោមបង្គាប់របស់ពួកគេទៀតផង។
អនុលោមតាមបទបញ្ញត្តិ និងច្បាប់ពាក់ព័ន្ធរបស់បក្សកុម្មុយនីស្តចិន លោក Zhang និងលោក Liu ត្រូវបានបណ្ដេញចេញពីបក្ស ហើយបញ្ហាសង្ស័យថា ជាបទល្មើសព្រហ្មទណ្ឌរបស់ពួកគេ ត្រូវបានបញ្ជូនទៅកាន់ស្ថាប័នអយ្យការយោធា ដើម្បីពិនិត្យ និងចោទប្រកាន់តាមផ្លូវច្បាប់។ សិទ្ធិទទួលបានគុណសម្បត្តិជាប្រតិភូនៃមហាសន្និបាតជាតិលើកទី២០ នៃបក្សកុម្មុយនីស្តចិនរបស់ពួកគេទាំងពីរ ក៏ត្រូវបានបញ្ចប់ផងដែរ។
វិធានការបណ្ដេញលោក Zhang និងលោក Liu ចេញពីបក្សកុម្មុយនីស្តចិន នឹងត្រូវបញ្ជាក់ទទួលស្គាល់ដោយគណៈកម្មាធិការមជ្ឈិមបក្ស នៅពេលដែលគណៈកម្មាធិការរៀបចំកិច្ចប្រជុំពេញអង្គ៕



