រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យធនាគារជាតិនៃកម្ពុជាចេញផ្សព្វផ្សាយធនប័ត្រ(ក្រដាសប្រាក់)គំរូថ្មី ប្រភេទ ៥០ ០០០ រៀល និង ១០០ ០០០រៀល ដោយបានសម្រេចដាក់ឱ្យចរាចរទន្ទឹមគ្នានឹងក្រដាសប្រាក់គំរូចាស់ដែលកំពុងចរាចរនាពេលបច្ចុប្បន្ន។
ការសម្រេចនេះត្រូវបានធ្វើឡើងតាមរយៈអនុក្រឹត្យ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី២៥ ខែកញ្ញា នេះ។
សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច លោក ឌុច ដារិន្ទ បានប្រាប់ភ្នំពេញប៉ុស្តិ៍នាព្រឹកថ្ងៃទី២៥ ខែកញ្ញានេះថា ការចេញក្រដាសប្រាក់គំរូថ្មីប្រភេទ ៥ម៉ឺន និង ១០ម៉ឺនរៀល មិនមានន័យថា ធនាគារជាតិកំពុងបង្កើនបរិមាណសាច់ប្រាក់ក្នុងសេដ្ឋកិច្ចទេ ពីព្រោះក្រដាសប្រាក់គំរូថ្មីនឹងចរាចរណ៍ទន្ទឹមនឹងក្រដាសប្រាក់ចាស់។
លោកបានថ្លែងថា៖«ចំណុចសំខាន់គឺការឆ្លើយតបនឹងតម្រូវការប្រើប្រាស់ប្រាក់រៀលរបស់ប្រជាពលរដ្ឋ។ ជាពិសេស វាក៏ស្របនឹងគោលដៅក្នុងការធ្វើឱ្យប្រាក់រៀលមានភាពងាយស្រួលក្នុងការប្រើប្រាស់ក្នុងសេដ្ឋកិច្ចជាតិ»។
អគ្គបេឡាធនាគារជាតិនៃកម្ពុជា លោក លី ស៊ីដេត បាននិយាយថា ក្រដាសប្រាក់ប្រភេទថ្មីទាំង ២ គឺរក្សាការរចនា និងរូបភាពនៅដដែល ដោយគ្រាន់តែបន្ថែមនូវចំណុចសុវត្ថិភាព និងសោភ័ណភាពមួយចំនួនឱ្យកាន់តែប្រសើរជាងមុន។ លោកបន្តថា ហេតុផលចម្បងនៃការចេញផ្សាយក្រដាសប្រាក់ប្រភេទថ្មីនេះ គឺ ១.ដោយសារក្រដាសប្រាក់ទាំង ២ ប្រភេទនេះមានអាយុកាលលើសពី ១០ ឆ្នាំ(ក្រដាស ៥ ម៉ឺនរៀលចេញចរាចរណ៍ក្នុងឆ្នាំ២០១៤ និង ១០ ម៉ឺនរៀលចេញឆ្នាំ២០១៣), និង ២.ដើម្បីបង្កើនលក្ខណៈសុវត្ថិភាព និងសោភណ្ឌភាពនៅលើក្រដាសប្រាក់ដើម្បីដើរឱ្យទាន់ការរីកចម្រើនផ្នែកបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
បើតាមលោក ស៊ីដេត លក្ខណៈសុវត្ថិភាពសំខាន់ៗរបស់ក្រដាសប្រាក់ថ្មីទាំង ២ មានដូចជា រូបព្រះរាជសង្ហាព្រះរាជាណាចក្រកម្ពុជាត្រូវបានបោះពុម្ពលើបន្ទះហូឡូក្រាម ដើម្បីការពារការបកបន្ទះនេះយកទៅបិទនៅលើក្រដាសប្រាក់ប្រភេទផ្សេង, លេខលុយទាំងជាលេខខ្មែរ និងជាលេខឡាតាំង ត្រូវបានរចនាដោយការបែងចែកពណ៌ដាច់គ្នាចំពោះការកាត់ខ្ទង់ពាន់, ការពង្រីកទំហំលេខលុយជាអក្សរឡាតាំងឱ្យធំជាងមុន និងរូបផ្កាច័ន្ទដែលបោះពុម្ភដោយទឹកថ្នាំពិសេសលើក្រដាសប្រាក់ប្រភេទ ១០ ម៉ឺនរៀល។ល៕



