រដូវបុណ្យភ្ជុំបិណ្ឌ! លោកឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចឱ្យផ្អាកផាកពិន័យបទល្មើសចរាចរណ៍មួយចំនួន ទុកតែ ២បទល្មើស បន្តអនុវត្ត
ភ្នំពេញ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឱ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេស ផ្អាកជាបណ្តោះអាសន្នការចាប់ផាកពិន័យបទល្មើសចរាចរណ៍មួយចំនួននៅតាមដងផ្លូវ ដោយទុកតែបទល្មើសចំនួន ២ ដែលនៅបន្តអនុវត្តការផាកពិន័យ។
បើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រោយពិភាក្សាជាមួយថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញ លោកអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យផ្អាកជាបណ្តោះអាសន្នការចាប់ផាកពិន័យបទល្មើសចរាចរណ៍មួយចំនួន រួមទាំងការបើកបរលើសល្បឿនកំណត់ ដែលជាបញ្ហាមួយតែងតែមានការចែករំលែក និងពិភាក្សានៅលើបណ្តាញសង្គម។
យ៉ាងណាក៏ដោយ បទល្មើសចំនួន ២ នៅតែបន្តចាប់ផាកពិន័យ គឺ ការបើកបរបញ្ច្រាស់ទិសចរាចរណ៍ និងការរំលោភភ្លើងសញ្ញាចរាចរណ៍។
លោក ទូច សុឃៈ បានបញ្ជាក់ថា ការផ្អាកការផាកពិន័យបទល្មើសមួយចំនួននេះ មិនមែនមានន័យថា អាជ្ញាធរបណ្តែតបណ្តោយឱ្យអ្នកប្រើប្រាស់ផ្លូវធ្វើដំណើរដោយមិនគិតពីសុវត្ថិភាពនោះទេ។ ថ្នាក់ដឹកនាំនៅតែជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ និងប្រកាន់ខ្ជាប់សីលធម៌ក្នុងការបើកបរ ព្រមទាំងមានការយោគយល់ និងអធ្យាស្រ័យគ្នានៅលើដងផ្លូវ។
លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន នៅតំបន់ដែលមានសកម្មភាពចរាចរណ៍មមាញឹក ទីប្រជុំជន ផ្សារ និងជាពិសេសនៅតាមមុខវត្តអារាមនានា ដោយត្រូវបន្ថយល្បឿន រង់ចាំជាជួរ និងរក្សាសណ្តាប់ធ្នាប់ ជៀសវាងការជ្រែឆ្វេង ឬស្តាំ ដែលអាចបង្កឱ្យមានការកកស្ទះចរាចរណ៍។
លោក ទូច សុឃៈ បានរំលឹកបន្ថែមថា អ្នកបើកបរគួរគោរពគន្លងផ្លូវ និងទិសដៅចរាចរណ៍ មិនត្រូវចូលទៅក្នុងគន្លងដែលមានយានយន្តផ្សេងទៀតកំពុងធ្វើដំណើរមកពីមុខ និងត្រូវគោរពផ្លូវអាទិភាព ព្រមទាំងគោរពគ្នាទៅវិញទៅមកនៅលើដងផ្លូវ ដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ៕


