Detail Top Banner – Conway

ជារឿងដ៏ចម្លែក និងកម្របំផុតទីក្រុងបាងកក នៃប្រទេសថៃ បានជួបប្រទះបាតុភូតធ្លាក់ទឹកកក

ជារឿងដ៏ចម្លែក និងកម្របំផុត ដែលកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ ទីក្រុងបាងកក នៃប្រទេសថៃ បានជួបប្រទះបាតុភូតធ្លាក់ទឹកកក ខណៈអ្នកខ្លះនិយាយថា មួយជីវិតហើយ ពួកគេមិនដែលឃើញបាតុភូតបែបនេះទេ។

(រូប៖ Bangkok Post)

តាមសេចក្តីរាយការណ៍របស់ Bangkok Post, ភ្លៀងធ្លាក់ លាយឡំនឹងទឹកកក បានកើតឡើងនាវេលាម៉ោង ៤រសៀល នៅតំបន់មួយចំនួនក្នុងរាជធានី ដូចជា Lat Phrao, Chatuchak, Lak Si, Ratchadaphisek និង Mo Chit។

ជុំវិញរឿងនេះ រដ្ឋបាលក្រុង បានចេញការព្រមានឱ្យពលរដ្ឋប្រុងប្រយ័ត្ន ពេលធ្វើដំណើរទៅណាមកណា ជាពិសេសគឺដោយសារតែស្ថានភាពផ្លូវរអិល។

(រូប៖ Bangkok Post)

ទន្ទឹមនោះ នៅលើបណ្តាញសង្គមវិញ! ប្រជាជនថៃ ក៏នាំគ្នាបង្ហាញក្តីបារម្ភផងដែរ ព្រោះតែឥឡូវប្រទេសរបស់ខ្លួន បែរជាកើតរឿងចម្លែកៗ និងគ្រោះធម្មជាតិ វាយប្រហារធ្ងន់ធ្ងរទៅៗ។

យ៉ាងណា មកទល់ពេលនេះ មិនទាន់មានអ្នកជំនាញណាម្នាក់ ចេញមុខពន្យល់ឡើយថាតើ បាតុភូតនេះ កើតឡើងដោយសារអ្វី?

(រូប៖ Thaiger)

ការធ្លាក់ទឹកកកនេះកើតឡើង ស្របពេល បាងកក នៅតែរងការវាយប្រហារធ្ងន់ធ្ងរដោយព្យុះភ្លៀង ដ្បិតថា គ្រោះទឹកជំនន់ ហាក់បានធូរស្រាលបន្តិចក៏ពិតមែន។

យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ, ផ្លូវចំនួន ៦ ខ្សែ នាឯភាគខាងកើតរាជធានីបាងកក នៅតែមិនអាចធ្វើចរាចរណ៍បាន សម្រាប់យានយន្តធុនតូច ព្រោះតែទឹកមិនទាន់ស្រកអស់។

(រូប៖ Thaiger)

ការលិចលង់ធ្ងន់ធ្ធរ នៅតែបន្តកើតមានក្នុងសង្កាត់ Khlong Chan នៃខណ្ឌ Bang Kapi និងសហគមន៍ Kheha Romklao នៃខណ្ឌ Lat Krabang ដោយមានជនរងគ្រោះសរុបប្រមាណ ៥០ ០០០ នាក់។

ទឹកជំនន់ដែលលិចជ្រៅ បាននិងកំពុងប្រែជាល្អក់កខ្វក់ ដោយសារការកកស្ទះសំរាម ខណៈប្រជាពលរដ្ឋក្នុងមូលដ្ឋាន នៅតែប្រឈមមុខ នឹងកង្វះខាតស្បៀងអាហារ និងទឹកបរិភោគ៕

ព័ត៌មានទាក់ទង
×
Popup Banner