Detail Top Banner – Conway

យេម៉ែន បើកការវាយប្រហារទ្រង់ទ្រាយធំ ដើម្បីដណ្តើមយកតំបន់ទាំងអស់ពីក្រុមហ៊ូធី គាំទ្រដោយអុីរ៉ង់

រដ្ឋាភិបាលយេម៉ែន ដែលទទួលបានការគាំទ្រពីអារ៉ាប៊ីសាអូឌីត និងត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានបើកយុទ្ធនាការយោធាទ្រង់ទ្រាយធំ ដើម្បីដណ្តើមយកតំបន់ទាំងអស់នៅក្នុងប្រទេស ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ូធី គាំទ្រដោយអុីរ៉ង់។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ប្រធានាធិបតីយេម៉ែន លោក Rashad al-Alimi បានថ្លែងតាមទូរទស្សន៍ថា កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលនឹងបន្តការវាយលុកនេះ «រហូតដល់ប្រទេសត្រូវបានរំដោះចេញពីការគ្រប់គ្រងរបស់កងជីវពលភេរវករ»។ បន្ទាប់មក អ្នកនាំពាក្យយោធាក៏បានអំពាវនាវឱ្យក្រុមហ៊ូធីដាក់អាវុធចុះ។

ផ្សែងនៃការវាយប្រហារចេញពីទីក្រុង សាណាអា ប្រទេសអារ៉ាប៊ីសាអូឌីត

ក្រុមហ៊ូធី ដែលមានឈ្មោះផ្លូវការថា Ansar Allah បានកាន់កាប់រដ្ឋធានី សាណាអា (Sanaa) និងតំបន់ដ៏ធំទូលាយនៅភាគពាយ័ព្យប្រទេស ដែលជាតំបន់មានប្រជាជនរស់នៅច្រើនបំផុត ចាប់តាំងពីឆ្នាំ២០១៤។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ូធីបានទប់ទល់នឹងការវាយប្រហារពីសំណាក់អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងសម្ព័ន្ធមិត្តលោកខាងលិច ខណៈសព្វាវុធរបស់ក្រុមនេះត្រូវបានធ្វើទំនើបកម្មដោយមានជំនួយពីអុីរ៉ង់។

កាលពីខែមុន ក្រុមហ៊ូធីបានបើកការវាយលុកភ្ញាក់ផ្អើលមួយ ដោយដណ្តើមបាន ច្រកសមុទ្រ Bab el-Mandeb ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងតំបន់ឆ្នេរប្រវែងប្រមាណ ១៥០ គីឡូម៉ែត្រ តាមបណ្តោយសមុទ្រក្រហម ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍។ ការរីកលាតសន្ធឹងនេះបានផ្តល់ឱ្យក្រុមហ៊ូធីនូវឥទ្ធិពលកាន់តែខ្លាំងលើផ្លូវដឹកជញ្ជូនអន្តរជាតិដ៏សំខាន់ តាមរយៈច្រកសមុទ្រនេះ។

ការពង្រីកខ្លួនរបស់ក្រុមហ៊ូធីក៏បានបើក រណសិរ្សថ្មី មួយនៅក្នុងសង្គ្រាមដែលកំពុងរីកធំឡើង រវាងសហរដ្ឋអាមេរិក និងអុីស្រាអែល ជាមួយអុីរ៉ង់ ដែលបានចាប់ផ្តើមវាយប្រហារលើអុីរ៉ង់កាលពីខែកុម្ភៈ ឆ្នាំនេះ។ ក្នុងការឆ្លើយតប ទីក្រុងតេហេរ៉ង់បានចាត់វិធានការរារាំងការដឹកជញ្ជូនប្រេងតាម ច្រកសមុទ្រ Hormuz ដែលស្ថិតនៅផ្នែកម្ខាងទៀតនៃឧបទ្វីបអារ៉ាប់។

ស្របពេលរដ្ឋាភិបាលយេម៉ែន ដែលត្រូវបានគេស្គាល់ថា ក្រុមប្រឹក្សាភាពជាអ្នកដឹកនាំប្រធានាធិបតី (Presidential Leadership Council – PLC) ប្រកាសបើកការវាយលុកទ្រង់ទ្រាយធំនេះ ក្រុមហ៊ូធីបានអះអាងថា ខ្លួនបានបាញ់មីស៊ីលបាលីស្ទិក និងបញ្ជូនយន្តហោះគ្មានមនុស្សបើកទៅវាយប្រហារទីតាំងរបស់ក្រុមហ៊ុនប្រេង Saudi Aramco នៅទីក្រុងរីយ៉ាដ និងតំបន់ Khurais ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

ក្រុមហ៊ូធីបានអះអាងថា ការវាយប្រហារនេះបណ្តាលឱ្យកើតមានអគ្គិភ័យធំៗ ហើយជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាស និងមីស៊ីលចំនួន ៥០លើក ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីតលើគោលដៅនានាក្នុងប្រទេសយេម៉ែន ក្នុងរយៈពេល ១២ ម៉ោងមុននោះ។

យ៉ាងណាក្តី មិនទាន់មានការបញ្ជាក់ភ្លាមៗពីអារ៉ាប៊ីសាអូឌីត អំពីការអះអាងរបស់ក្រុមហ៊ូធីនេះនៅឡើយទេ៕

ប្រភព៖ Reuters

ព័ត៌មានទាក់ទង
×
Popup Banner