Detail Top Banner – Conway

ខេត្ត​សៀមរាបជាប់លេខ ១ ទាក់ទាញភ្ញៀវទេសចរច្រើនជាងគេក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈកំពតឈរលេខ ២

ខេត្តសៀមរាបឈរនៅលំដាប់ទី ១ ជាគោលដៅទេសចរណ៍ដែលទទួល​បានការចាប់អារម្មណ៍​ច្រើន​ជាងគេ​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ ថ្ងៃ ខណៈខេត្តកំពតឈរនៅលេខ ២ និង​ខេត្តព្រះសីហនុ​ឈរនៅលេខ ៣។

យោងតាមរបាយការណ៍ស្ថិតិភ្ញៀវទេសចរណ៍ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែ​តុលា ឆ្នាំ២០២៦ ខេត្តសៀមរាបទទួលបានចំនួននៃដំណើរកម្សាន្តសរុប​ចំនួន ២៥៦ ៧១៥ ដងនាក់ ខណៈ​ខេត្ត​កំពត​មាន​ចំនួន ២២៤ ៨៦០ ដងនាក់ និងខេត្តព្រះសីហនុមានចំនួន ១៩៥ ៩៩៤ ដង​នាក់។

ក្នុងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ការធ្វើដំណើរកម្សាន្ត​នៅទូទាំងប្រទេស​មា​នចំនួន​សរុប ២ ១៦១ ២១១ ដងនាក់។ នេះបើតាមរបាយការណ៍​ក្រសួង​ទេសចរណ៍​ ទើប​ចេញផ្សាយនៅពេល​រសៀលនេះ។

ជាមួយ​ការ​បង្ហាញ​ស្ថិតិ​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ​ក្រសួងទេសចរណ៍​បាន​ពន្យល់​ពី​នីតិវិធី​ក្នុង​ការ​រាប់​ចំនួន​ទេសចរ​ដើរ​កម្សាន្ត​ក្នុងអំឡុង​ពេល​ព្រឹត្តិការណ៍ ពិធីបុណ្យ ឬ​កម្មវិធី​នានា ជា​ការរាប់ចំនួន​ដង​ឬ​លើក នៃ​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរ មិនមែន​រាប់​ជា​ចំនួន​មនុស្ស​ទេ។

តួលេខ​សំដៅលើចំនួន​ដងនៃដំណើរកម្សាន្ត មិនមែនជាចំនួនមនុស្សពិតប្រាកដនោះទេ។ ភ្ញៀវ​ទេសចរ​ម្នាក់​អាច​ត្រូវបាន​រាប់​ច្រើន​ដង ប្រសិន​បើធ្វើដំណើរ​ទៅកាន់​គោលដៅ​ទេសចរណ៍​ផ្សេងៗ​គ្នា ឬ​ទៅទស្សនាទីតាំងដដែលក្នុងរយៈពេលច្រើនថ្ងៃ។

ឧទាហរណ៍៖ ភ្ញៀវម្នាក់​អាចត្រូវបាន​រាប់ច្រើន​ដង ប្រសិនបើទៅទស្សនាច្រើនទីតាំង ឬច្រើនថ្ងៃ។

ពាក់ព័ន្ធនឹងការប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យ ក្រសួងទេសចរណ៍បានឱ្យដឹងថា ស្ថិតិនេះជា​ទិន្នន័យ​រដ្ឋបាល​ដែលប្រមូលដោយមន្ទីរទេសចរណ៍រាជធានី-ខេត្ត ពីមូលដ្ឋានអាជីវកម្មស្នាក់នៅ និងប្រភព​ពាក់ព័ន្ធផ្សេងៗ មុននឹងធ្វើការផ្ទៀងផ្ទាត់តាមវិធីសាស្ត្រគណនា។

ចំពោះទីតាំងរៀបចំព្រឹត្តិការណ៍ ការប៉ាន់ប្រមាណចំនួន​អ្នកចូលរួមត្រូវ​បានគណនា​ ដោយ​ផ្អែក​លើផ្ទៃ​ក្រឡា​ទីតាំង និងដង់ស៊ីតេមនុស្សក្នុងមួយម៉ែត្រការ៉េ (ផ្ទៃក្រឡាទីតាំង​ម៉ែត្រការ៉េ x ចំនួនមនុស្ស) ដែលអាចឈានដល់ ៤ នាក់ក្នុងមួយម៉ែត្រការ៉េ ក្នុងករណីមាន​មនុស្សកកកុញខ្លាំង ឬសម្រួលតាមស្ថានភាពជាក់ស្តែង។

ដោយឡែក សម្រាប់​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍ ការ​គណនាផ្អែក​លើចំនួន​សំបុត្រ​ដែល​បានលក់ ឬចំនួនយានយន្តដែលចូលទស្សនា ដោយបែងចែកតាមប្រភេទយានយន្ត៕

ព័ត៌មានទាក់ទង
×
Popup Banner