រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ លោក អ៊ុ សំអាន សូមកុំព្យាយាមបង្វែរដាន បង្វែរប្រធានបទ ឬយកចលនាខុសច្បាប់មកធ្វើជាលេស
រាជធានីភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា លោក អ៊ុំ សំអាន សូមកុំព្យាយាមបង្វែរដាន បង្វែរប្រធានបទ ឬយកចលនាខុសច្បាប់មកធ្វើជាលេស ដើម្បីបិទបាំងការចោទប្រកាន់របស់ខ្លួន ។
រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦យ៉ាងដូច្នេះថា ម្សៀរនោះ គួរមានភាពក្លាហាន និងទំនួលខុសត្រូវចំពោះសម្តីរបស់ខ្លួន ដោយចេញមុខតតាំង និងបង្ហាញភស្តុតាងឱ្យបានច្បាស់លាស់ ជុំវិញការចោទប្រកាន់ថា «រាជរដ្ឋាភិបាលកម្ពុជាបានកាត់ដីឱ្យថៃនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩» ។
ឯកឧត្តមបានលើកឡើងថា ការចោទប្រកាន់ធ្ងន់ធ្ងរបែបនេះ មិនអាចនិយាយឱ្យរួចតែពីមាត់ ហើយគេចវេសពីការទទួលខុសត្រូវបានឡើយ ។ អ្នកចោទត្រូវមានភស្តុតាង និងហ៊ានការពារការអះអាងរបស់ខ្លួន ។ ឯកឧត្តមបានបញ្ជាក់ថា «កុំបូរបាច់ច្រើន កុំបង្វែរសាច់រឿង និងកុំយកបញ្ហាផ្សេងមកបិទបាំងបញ្ហាដើម! បើហ៊ានចោទ ត្រូវហ៊ានតតាំង! បើមិនហ៊ានមកតតាំងទេ គ្រាន់តែប្រាប់ឱ្យត្រង់ថា «មិនហ៊ាន» គឺចប់!» ។
នៅថ្ងៃទី១៤ តុលា ឆ្នាំ២០២៦ នេះដែរ លោក អ៊ុំ សំអាន បានសរសរលើបណ្តាញសង្គមដែលមានខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា លោក ហ៊ុន ម៉ាណែត នឹងឆ្លើយតបជាវិជ្ជមាននូវសំណើរបស់ខ្ញុំ ។ សូមលោក ហ៊ុន ម៉ាណែត ស្នើទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោស និងធ្វើអន្តរាគមន៍ទម្លាក់ចោលនូវបទចោទដល់រូបខ្ញុំ និងប្រតិភូរបស់ខ្ញុំ ដើម្បីបើកផ្លូវអោយខ្ញុំ និងប្រតិភូរបស់ខ្ញុំ ចូលទៅប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ» ។
លោក អ៊ុំ សំអាន ដែលធ្លាប់ជាប់ពន្ធនាគារបានលើកឡើងទៀតថា ក្នុងស្មារតីផ្សះផ្សារជាតិ ឯកភាពជាតិ និងការបង្រួបបង្រួមជាតិ ខ្ញុំសង្ឃឹមថា លោក ហ៊ុន ម៉ាណែត នឹងបើកចិត្តទូលាយ ដើម្បីទទួលនូវសំណើរបស់ខ្ញុំ ហើយនឹងបើកកិច្ចកិច្ចពិភាក្សាអំពីការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ក្នុងពេលឆាប់ៗខាងមុខនេះ ។ សង្ឃឹមថា ជួបគ្នាឆាប់ៗក្នុងប្រទេសកម្ពុជា ៕



