Detail Top Banner – Conway

នគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួននារីម្នាក់ Live វីដេអូជេរប្រមាថ និងប្រើពាក្យសម្តីអសុរោះលើយោធិន (វីរកងទ័ព)

ជនសង្ស័យជាស្ត្រីម្នាក់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីប្រើប្រាស់ពាក្យសម្ដីអសុរោះ និងជេរប្រមាថយ៉ាងធ្ងន់ធ្ងរលើយោធិន (វីរកងទ័ព) តាមរយៈបណ្ដាញសង្គម។

ការឃាត់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីមានបទបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងទទួលផែនការងារសន្តិសុខ។

យោងតាមរបាយការណ៍បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ទោ ជីន សុភាព នាយការិយាល័យ បានបើកប្រតិបត្តិការស្រាវជ្រាវ និងនាំខ្លួនជនសង្ស័យឈ្មោះ អ. ឈ. អ. ភេទស្រី អាយុ ១៩ឆ្នាំ នៅចំណុចភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ នារីរូបនេះបានឡាយ (Live) វីដេអូតាមប្រព័ន្ធ BIGO Live ដោយប្រើប្រាស់ពាក្យសម្តីអសុរោះ និងអសីលធម៌ជេរប្រមាថមកលើកងទ័ពយ៉ាងគឃ្លើនថា៖ «បើអាចុយម្រាយ ត្រូវគ្រាប់ទាហាន ក្ដួយម៉ែវា… ឱ្យវាងាប់នៅជាយដែនហ្នឹងក៏ល្អដែរ អញទះដៃម៉ង»។ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនទៅកំបាំងមុខ និងសំងំលាក់ខ្លួននៅខេត្តបន្ទាយមានជ័យ មុននឹងត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានវិញ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ជេរប្រមាថលើវីរកងទ័ពប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់៕

ព័ត៌មានទាក់ទង
×
Popup Banner