កម្លាំងចម្រុះការពារព្រំដែនថៃ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានស្ទាក់ចាប់សាច់បង្កកប្រមាណ ១ តោនកន្លះ ដែលបម្រុងលួចនាំឆ្លងដែនចេញពីប្រទេសថៃ ចូលមកកាន់ប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

យោងតាមព័ត៌មានថៃ និងសមត្ថកិច្ចកម្ពុជាបានឱ្យដឹងថា ទីតាំងដែលសមត្ថកិច្ចថៃបង្ក្រាបបាននោះ គឺស្ថិតនៅចំណុចភូមិណងព្រឺ ឃុំផាន់សឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ឈមនឹងភូមិក្បាលស្ពាន ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ទំនិញទាំងនេះជាសាច់បង្កក ដែលភាគច្រើនជាគ្រឿងក្នុងមាន់ និងសាច់មាន់ ហើយត្រូវបានសមត្ថកិច្ចថៃបញ្ជូនទៅកាន់អធិការដ្ឋានស្រុកអារញ្ញ ដើម្បីបន្តនីតិវិធី។


សូមបញ្ជាក់ថា កន្លងមកសមត្ថកិច្ចតាមព្រំដែនទាំងថៃ និងកម្ពុជា តែងតែបង្ក្រាបបានក្រុមឈ្មួញ និងជនសង្ស័យដែលលួចនាំចូលទំនិញខុសច្បាប់នានាជាបន្តបន្ទាប់។
ទោះបីជាមានការហាមឃាត់ និងបង្ក្រាបយ៉ាងណាក៏ដោយ ក៏សកម្មភាពរត់ពន្ធទំនិញ ឬបទល្មើសឆ្លងដែនខុសច្បាប់រវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ នៅតែបន្តកើតមាន៕



