បង្ក្រាបទីតាំង ស្ទីម និងម៉ាស្សា «អេសអឹម» ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់សង្ស័យបង្កប់សេវាកម្មផ្លូវភេទ
កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការចុះឆ្មក់បង្ក្រាបទីតាំងហាងស្ទីម និងម៉ាស្សា មួយកន្លែងយីហោ «អេសអឹម» ដែលសង្ស័យលួចលាក់បង្កប់សេវាកម្មជួញដូរផ្លូវភេទ ឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់។

ប្រតិបត្តិការណ៍ចុះបង្រ្កាបនេះដែរ ធ្វើឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ ៩៥ កែង ៣៩៦ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីនគរបាលជំនាញបានអោយដឹងថា ដោយអនុវត្តន៍តាមការណែនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាអោយលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រួមជាមួយលោកស្រីឧត្តមសេនីយ៍ត្រី ឆេង សារ៉េត ទទួលផែនការងារយេនឌ័រ ត្រូវបន្តការចុះបង្រ្កាបរាល់ទីតាំងលួចលាក់បង្កប់ ការជួញដូរផ្លូវភេទ ដើម្បីការពារអនីតិជនក្រោម ១៨ឆ្នាំ ។

ជាក់ស្តែងក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីនគរបាលជំនាញ បានស្រាវជ្រាវចំណុចទីតាំងហាងស្ទីម និងម៉ាស្សាខាងលើនេះជាច្រើនថ្ងៃ រហូតឈានដល់ការឆ្មក់បង្រ្កាបបានដោយជោគជ័យ ។ ក្នុងនោះរកឃើញវត្ថុតាងមួយចំនួន និងមនុស្សប្រុសស្រីជាច្រើននាក់ ។
ក្រោយការបង្រ្កាបរួចរាល់ សមត្ថកិច្ចបានធ្វើការបិទខ្ទប់ ទីតាំងខាងលើ ចំណែកមនុស្សប្រុសស្រីទាំងអស់ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕






