គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយបានឃាត់ខ្លួនជនបរទេសចំនួន ៨នាក់ និងដកហូតវត្ថុតាងជាច្រើន។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដោយមានការដឹកនាំផ្ទាល់ពី លោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចុះត្រួតពិនិត្យជាក់ស្តែងនៅទីតាំងអគារ BALI2 (បន្ទប់លេខ B 8 ជាន់ទី១៣) ស្ថិតនៅផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយទទួលបានព័ត៌មានរាយការណ៍ជុំវិញសកម្មភាពសង្ស័យ។


ជាលទ្ធផល នៃការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងខាងលើ កម្លាំងសមត្ថកិច្ចចម្រុះ ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមសរុប ០៨នាក់ ស្រី ០២នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរូបភាពបោកប្រាស់ផ្តល់ឱកាសរកការងារធ្វើក្លែងក្លាយទៅក្រៅប្រទេស (Work Scams)។ ដកហូតបានវត្ថុតាងដកហូតរួមមាន កុំព្យូទ័រយួរដៃ (Laptop) ចំនួន ០៩គ្រឿង, ទូរស័ព្ទដៃបម្រើការងារ ចំនួន ០៤គ្រឿង, ឯកសារក្លែងក្លាយមួយចំនួន និងត្រា ចំនួន ០២។
ក្រុមការងារបានបន្តត្រួតពិនិត្យចំនួន ១៤បន្ទប់បន្ថែមទៀតនៅជាន់ទី១៣ ដោយរកឃើញជនបរទេសស្នាក់នៅត្រឹមត្រូវតាមច្បាប់ (មានលិខិតឆ្លងដែន និងទិដ្ឋាការ) សរុប ០៥នាក់ (ស្រី ០២នាក់) ក្នុងនោះមានជនជាតិចិន ០៣នាក់ និងជនជាតិវៀតណាម ០២នាក់ (ស្រី ០២នាក់)។


បច្ចុប្បន្ន ជនសង្ស័យជនជាតិវៀតណាមទាំង ០៨នាក់ រួមទាំងវត្ថុតាងត្រូវបានប្រគល់ជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់។ ដោយឡែក សម្រាប់ទីតាំងបន្ទប់ខាងលើ ក្រុមការងារបានប្រគល់ជូនម្ចាស់ទីតាំងវិញដោយពុំមានការបិទឃ្លុំឡើយ ដោយសារម្ចាស់ទីតាំងបានផ្តល់កិច្ចសហការល្អ និងរាយការណ៍ជូនអាជ្ញាធរបានទាន់ពេលវេលា។
រដ្ឋបាលខណ្ឌចំការមន បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ទីតាំងអគារ BALI 2 ដែលបានសហការយ៉ាងល្អជាមួយសមត្ថកិច្ច។ ជាមួយគ្នា រដ្ឋបាលខណ្ឌក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់ទីតាំងអគារ ផ្ទះជួល និងភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមសហការរាយការណ៍ រាល់ព័ត៌មាន ឬ សកម្មភាពសង្ស័យផ្សេងៗមកកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាថែរក្សាសន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសង្គមក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕






