Detail Top Banner – Conway

​អាមេរិក​ បញ្ជូន​យន្តហោះ​យោធា ១០គ្រឿង​ ទៅអ៊ីស្រាអែល ខណៈ​កំពុង​ត្រៀម​​​លក្ខ​ណៈ ​​វាយ​​អ៊ីរ៉ង់​ជា​ថ្មី

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​អ៊ីស្រាអែល KAN បាន​​រាយការណ៍​កាលពីថ្ងៃ​ព្រហស្បតិ៍​ ទី​២៩ ខែ​តុលា​ ថា សហរដ្ឋអាមេរិក​បញ្ជូនយន្ត​ហោះដឹក​ទំនិញ​យោធា​ចំនួន ១០គ្រឿង ទៅ​កាន់មូលដ្ឋាន​ទ័ព​អាកាស​របស់​អ៊ី​ស្រាអែល​ក្នុងតំបន់ Negev ភាគ​ខាងត្បូង ខណៈកំពុង​ត្រៀម​លក្ខណៈ​​សម្រាប់​លទ្ធភាព​វាយប្រហារ​​លើ​ប្រទេស​អ៊ីរ៉ង់។

យន្តហោះ​យោធា​អាមេរិក

យន្ត​ហោះ​ទាំង​នោះ​បាន​ចុះចត​ នៅមូលដ្ឋានទ័ព​អាកាស Ovda និង​ Nevatim ខណៈមានសេចក្តីរាយការណ៍​ថា យន្តហោះ​យោធាអាមេរិក​បន្ថែមទៀត​ក៏ត្រូវបញ្ជូនទៅ​កាន់មូលដ្ឋាន​នានា​ក្នុង​ប្រទេសហ្ស៊កដានី ​អារ៉ាប៊ីសាអូឌីត និងកាតាផង​ដែរ។

យោងតាម ​​KAN យន្ត​ហោះ​ទាំង​នោះ​​ហោះចេញ​ពីមូល​ដ្ឋាន​ទ័ព​  Fort Bliss រដ្ឋ Texas ដែល​​ជាទីតាំង​មជ្ឈមណ្ឌល​ការពារដែន​អាកាសដ៏ធំបំផុត​មួយរបស់​យោធាអាមេរិក រួមមាន​ហេដ្ឋារចនា​សម្ព័ន្ធ​ពាក់ព័ន្ធ​នឹង​មីស៊ីល​ស្ទាក់ចាប់ និងប្រព័ន្ធ​ការពារដែនអាកាស​ផ្សេងៗ​ទៀត។

រហូត​មកទល់​ពេល​នេះ មិនទាន់​មានការបញ្ជាក់ណា​មួយពីភាគីសហរដ្ឋអាមេរិក​ ជុំវិញការដាក់​ពង្រាយនៅឡើយ​ទេ ហើយ​ក៏មិនទាន់​ច្បាស់លាស់​ថា តើ​យន្តហោះ​ទាំងនោះ​ដឹកអ្វី ឬថា​តើទីក្រុងវ៉ាស៊ីន​តោនសម្រេចចិត្ត​បើក​ការវាយប្រហារ​លើប្រទេសអ៊ីរ៉ង់​ឬ​ យ៉ាងណានោះទេ​។

មន្ត្រី​អ៊ីស្រាអែលម្នាក់ បាន​ប្រាប់​បណ្តាញផ្សព្វផ្សាយ​នេះ​ថា អ៊ីស្រាអែល និង​សហរដ្ឋអាមេរិក កំពុង​សម្របសម្រួល​គ្នា​យ៉ាងជិតស្និទ្ធ​លើការត្រៀម​រៀបចំប្រតិបត្តិ​ការ​ផ្នែក​យោធា។

យន្តហោះ​យោធា​អាមេរិក​

មន្ត្រី​ដដែលបានបន្ត​ថា៖ «អ៊ីស្រា​អែល និង​សហរដ្ឋអា​មេរិក កំពុង​សម្រប​សម្រួល​គ្នា​យ៉ាងជិត​ស្និទ្ធ ហើយទោះ​បីជាមិនទាន់​មានការ​សម្រេចចិត្ត​ណាមួយ​លើបញ្ហា​នេះ​ក៏ដោយ ក៏​ភាគី​អាមេរិក និង​​អ៊ីស្រាអែល កំពុងត្រៀមខ្លួន​រាល់​ការសម្រេចចិត្ត​ដែល​ប្រធានាធិបតី ដូណាល់ ត្រាំ នឹង​ធ្វើឡើង»។

យ៉ាង​ណា មន្ត្រីរូបនោះ​មិនបាន​បញ្ជាក់​លម្អិតពីលក្ខណៈ ឬពេលវេលា​នៃការ​សម្រេចចិត្តដែល​អាចនឹងកើត​ឡើងនោះទេ។

កាលពីដើម​សប្តាហ៍នេះ KAN រាយការណ៍ថា ទីក្រុងវ៉ាស៊ីន​តោន​ បានព្រមានបណ្តា​ប្រទេសនៅ​តំបន់ឈូងសមុទ្រ អំពី​លទ្ធភាព​ប្រតិបត្តិ​ការយោធារយៈពេល​ខ្លី និងមាន​វិសាលភាព​កំណត់ ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់​​។ កងទ័ពអាមេរិកក៏បាន​ផ្លាស់ប្តូរទីតាំង​ប្រព័ន្ធការពារមីស៊ីល ​Patriot ពីរដ្ឋ​តិចសាស់​ទៅ​កាន់​តំបន់​ឈូងសមុទ្រ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ការពារដែនអាកាស​​នៅទីនោះ​ផង​ដែរ​។

នាវាផ្ទុក​យន្តហោះ​អាមេរិក​

គួរ​បញ្ជាក់​ថា សហ​រដ្ឋអាមេរិក និងអ៊ីស្រាអែល បាន​បើកការវាយ​ប្រហារលើ​អ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ជំរុញ​ឱ្យទីក្រុងតេហេ​រ៉ង់​ធ្វើការ​វាយប្រហារ​តបតទៅ​លើ​អ៊ីស្រាអែល និងគោលដៅ​​យោធា​អាមេរិក​​នៅទូទាំង​តំបន់ មុនពេល​កិច្ចព្រមព្រៀង​បទឈប់​បាញ់​មួយត្រូវបាន​សម្រេច​ នៅខែមេសា​៕

ព័ត៌មានទាក់ទង
×
Popup Banner