Detail Top Banner – Conway

លោក ហ្សេ​លេន​ស្គី ស្នើ​​ចួប​​ លោក ពូទីន នៅ​តួក​គីយ៉េ តែរុស្ស៊ី​ ចង់ឱ្យ​មក​ចរចា​ នៅក្រុង​មូស្គូ​ ​

ប្រធានា​ធិបតី​អ៊ុយក្រែន លោក វ៉ូឡូ​ឌីមៀរ​ ហ្សេលេន​ស្គី បានលើកឡើង​ពី​លទ្ធភាពនៃ​ការជួបពិភាក្សា​ផ្ទាល់​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌីមៀ​​ ពូទីន នៅ​ឯប្រទេសតួក​គីយ៉េ ដោយស្នើឱ្យប្រធានាធិបតី​តួក​គី លោក ​Recep Tayyip Erdogan ប្រើប្រាស់​បណ្តាញទំនាក់ទំនង​របស់លោក ​ដើម្បីជួយ​សម្របសម្រួល​រៀបចំកិច្ចប្រជុំ​កំពូលនេះ ខណៈ​រុស្ស៊ី​ ស្វាគមន៍​ និងចង់ឱ្យមេដឹក​នាំ​អ៊ុយក្រែន​ ទៅ​កាន់​ទី​ក្រុង​ម៉ូស្គូ​។

លោក ហ្សេលេនស្គី

យោង​តាម​សារព័ត៌មាន​ចិន​ CMG​ នៅ​ថ្ងៃ​ទី២ ខែ​វិច្ឆិកា លោក Zelenskyy បានថ្លែងក្នុងបទ​សម្ភាសន៍​ជា​មួយប្រព័ន្ធផ្សព្វផ្សាយ ​កាលពីថ្ងៃសៅរ៍​ ថា គណៈប្រតិភូ ​និងក្រុមការងារ​បច្ចេកទេសនានា មិនមាន​សិទ្ធិអំណាច​គ្រប់គ្រាន់ក្នុង​ការដោះ​ស្រាយបញ្ហាមួយចំនួន​​ នៅ​សេស​សល់​នោះ​ទេ​។

លោកបានលើកឡើង​ថា មាន​តែប្រមុខរដ្ឋ​ទាំងពីររូប​ប៉ុណ្ណោះ ដែល​មាន​អំណាច​ក្នុងការសម្រេចចិត្ត​​ ដោយ​មាន​លក្ខណៈ​ចង​កាតព្វកិច្ច។ ​ជាមួយ​គ្នានេះ លោក​ ហ្សេលេន​ស្គី គាំទ្រ​ឱ្យប្រទេសតួកគី​យ៉េ ក្លាយ​ជាទី​តាំងសម្រាប់​កិច្ចប្រជុំ ដោយ​លើកហេតុផល​ថា លោក Erdogan មានបណ្តាញ​ទំនាក់ទំនងស្រាប់ជាមួយ​ លោក ពូទីន​​។

ប្រធានា​ធិបតីអ៊ុយក្រែនបាន​សង្កត់ធ្ងន់​ថា ខ្លួន​ចង់ចរចា​ដោយផ្ទាល់​ជាមួយ​ លោក ពូទីន ដោយសារមេ​ដឹកនាំរុស្ស៊ីរូបនេះ​ គឺជាអ្នក​សម្រេច​ចុងក្រោយ​លើបញ្ហាពាក់​ព័ន្ធនានា។

យោងតាម​ទីភ្នាក់ងារសារព័ត៌មាន TASS លោក Yury Ushakov ជំនួយ​ការម្នាក់​នៅវិមានក្រឹមឡាំង បានលើក​ឡើង​កាលពីថ្ងៃសៅរ៍​ ថា លោក ពូទីន មិន​ដែល​បដិសេធ​ ជួបសន្ទនាជា​មួយ​ លោក ហ្សេលេន​ស្គី នោះទេ ហើយប្រសិនបើ​ លោក ហ្សេលេន​ស្គី ចង់ជួបសន្ទនាផ្ទាល់​ជាមួយមេដឹក​នាំរុស្ស៊ី លោកអាចធ្វើដំណើរទៅ​កាន់ទីក្រុងមូស្គូបាន។

កាល​ពីថ្ងៃសៅរ៍ លោក Erdogan ជួបពិភាក្សាជាមួយប្រធានាធិបតី​អ៊ុយក្រែន ដែល​កំពុងបំពេញ​ទស្សនកិច្ច​នៅទីក្រុង​អ៊ីស្តង់ប៊ុល។

យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Xinhua ក្នុងសន្និសីទសារព័ត៌មាន​រួមមួយ លោក Erdogan ព្រមានថា ជម្លោះ​នៅអ៊ុយក្រែន​ កំពុងរាល​ដាល​ចូលទៅ​ក្នុងសមុទ្រខ្មៅ។

លោក ពូទីន

លោកជំរុញឱ្យភាគីទាំងអស់​ ប្រកាន់​ខ្ជាប់នូវការ​ទទួលខុសត្រូវ ដោយ​បញ្ជាក់ថា៖ «ការបង្កើនភាពតាន​តឹង ​និងការកំណត់​គោលដៅលើ​នាវាស៊ីវិល នឹងមិនផ្តល់​ផលប្រយោជន៍ដល់​នរណាម្នាក់​ឡើយ។ សន្តិភាព​ដ៏ត្រឹមត្រូវមួយ គឺគ្មានភាគីណា​មួយ​ចាញ់​នោះទេ។ ការចរចាសន្តិភាព​ដំបូងៗ​ រៀបចំឡើងដោយ​ប្រទេសតួក​គី រវាង​ទីក្រុងមូស្គូ និងទីក្រុងកៀវ​ បាន​បង្ហាញឱ្យឃើញថា ​វិធានការការទូត​ នៅតែ​អាចនាំ​មកនូវលទ្ធ​ផលជាក់​ស្តែង​»។

ជាងបួន​ឆ្នាំបន្ទាប់​ពីជម្លោះរវាង​រុស្ស៊ី និងអ៊ុយក្រែន​ផ្ទុះឡើង​ក្នុងខែកុម្ភៈ ​ឆ្នាំ២០២២ គេ​សង្កេត​ឃើញថា កិច្ចខិតខំប្រឹងប្រែងផ្នែក​ការទូតហាក់​ដូចជា​ កំពុងទទួល​បាន​សន្ទុះឡើង​វិញ៕

ព័ត៌មានទាក់ទង
×
Popup Banner