ស្របពេលប្រជាជនអាមេរិក រាប់លាននាក់ នាំគ្នាចេញទៅបោះឆ្នោតពាក់កណ្តាលអាណត្តិ ស្រាប់តែប្រមុខសេតវិមាន ដូណាល់ ត្រាំ បានប្រកាសរឿងយ៉ាងភ្ញាក់ផ្អើលថា ទីក្រុងវ៉ាស៊ីនតោន នឹងកាត់ផ្តាច់ជំនួយយោធាប្រចាំឆ្នាំទំហំទឹកប្រាក់ ៤ពាន់លានដុល្លារ ដល់អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តស្អិតរមួតបំផុត នៅត្រឹមដំណាច់ឆ្នាំនេះតែម្តង។

ថ្លែងក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទ ជាមួយបណ្តាញព័ត៌មាន Fox News កាលពីថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ ២០២៦ លោកត្រាំ លើកឡើងថា លោក និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតាន់យ៉ាហ៊ូ បានព្រមព្រៀងគ្នារួចទៅហើយអំពីរឿងនេះ កាលពីប៉ុន្មានខែមុន។
បើតាមការបញ្ជាក់របស់លោកត្រាំ ទៅកាន់កម្មវិធី Fox & Friends៖ យើងផ្តល់ឱ្យពួកគេ លើសអ្នកណាៗទាំងអស់ ហើយពួកគេ លែងត្រូវការវាទៀតហើយ។ ម្យ៉ាង យើង ក៏បានធ្វើកិច្ចការនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែរ សូម្បីខ្ញុំផ្ទាល់ក៏បានធ្វើវាដែរ ប៉ុន្តែអ៊ីស្រាអែល គឺជាប្រទេសមួយដែលកំពុងរីកចម្រើនខ្លាំង ដូច្នេះ ពួកគេមិនត្រូវការជំនួយនេះទៀតឡើយ»។
យ៉ាងណា លោកត្រាំ អះអាងថា ទីក្រុងវ៉ាស៊ីនតោន នឹងនៅតែបន្តជួយជ្រោមជ្រែង ប្រសិនបើទីក្រុងហ្ស៊េរុយសាឡិម នៅតែត្រូវការជំនួយ។

ជុំវិញហេតុផលនៃការសម្រេចផ្តាច់ជំនួយនេះ ត្រូវបានលោកត្រាំ ទម្លាយថា វាគឺជាជំហាននយោបាយមួយ ដើម្បីលែងឱ្យក្រុមអ្នកប្រជាធិបតេយ្យ និងក្រុមអ្នករិះគន់គោលនយោបាយការបរទេសអាមេរិក បានដៃយករឿងនេះ មកវាយប្រហាររដ្ឋាភិបាលតទៀត។
ជាពិសេស លោកត្រាំ ចង្អុលចំៗទៅលោក Abdul El-Sayed ជាអ្នករិះគន់អ៊ីស្រាអែលមិនសំចៃមាត់ និងកំពុងឈរឈ្មោះ ប្រកួតប្រជែងយកអាសនៈព្រឹទ្ធសភាអាមេរិក នៅក្នុងរដ្ឋ Michigan ដែលកំពុងយករឿងនេះ វាយប្រហារគណបក្សសាធារណរដ្ឋ។
សេចក្តីប្រកាសរបស់លោកត្រាំ កើតឡើងបន្ទាប់ពីការស្ទង់មតិសាធារណៈជាច្រើនលើកច្រើនសា ក្នុងឆ្នាំនេះ បង្ហាញថា ការគាំទ្រពីសំណាក់ពលរដ្ឋអាមេរិក ចំពោះជំនួយយោធាអ៊ីស្រាអែល កំពុងមានការធ្លាក់ចុះ។

ជាក់ស្តែង បើយោងតាមការស្ទង់មតិមួយរបស់ក្រុមប្រឹក្សាកិច្ចការពិភពលោកទីក្រុង Chicago កាលពីខែមុន, ៥៦% នៃប្រជាជនអាមេរិកថ្លែងថា ជំនួយយោធាទៅអ៊ីស្រាអែល គួរតែត្រូវបានកាត់បន្ថយ ឬបញ្ឈប់ទាំងស្រុងតែម្តង ដែលតួលេខនេះ កើនឡើងពី ៣៨% បើធៀបនឹងកាលពីឆ្នាំ ២០១២។
ទន្ទឹមនោះ ចំនួនអ្នកឆ្លើយតបដូចគ្នានេះ ក៏បញ្ជាក់ដែរថា អាមេរិក មិនគួរប្រកាន់ជំហរលំអៀងទៅខាងណាមួយឡើយ ក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន៕


