ពលរដ្ឋខ្មែរប្រមាណ៥០នាក់បានវិលត្រឡប់ពីថៃចូលប្រទេសកំណើតវិញតាមច្រករបៀងនានាក្នុងទឹកដីស្រុកកំរៀង
ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍ពីមន្ត្រីព្រំដែនបានឲ្យដឹងថា មានប្រជាពលរដ្ឋខ្មែរ ប្រុស-ស្រី ក្មេងចាស់ ប្រមាណ៥០នាក់ បានវិលត្រឡប់ពីប្រទេសថៃ ចូលមកកាន់ប្រទេសកំណើតវិញ កាលពីថ្ងៃទី ០៣-០៤ វិច្ឆិកា ២០២៦ តាមច្រករបៀងនានា ក្នុងទឹកដីស្រុកកំរៀង ហើយត្រូវបានអាជ្ញាធរស្រុកនេះ បានទទួលនិងបានបញ្ជូនពួកគេភ្លាមៗទៅកាន់ស្រុកកំណើតរៀងៗខ្លួន ក្រោយពេលធ្វើការសួរនាំ និងធ្វើការអប់រំ ។
របាយការណ៍បឋមដែលកោះសន្តិភាពទទួលបាន នៅថ្ងៃទី០៤ វិច្ឆិកា នេះ បានឲ្យដឹងថា ក្រុមពលរដ្ឋខ្មែរទាំងនោះ ជាអ្នកធ្វើការងារនៅប្រទេសថៃ ហើយភាគច្រើនឯកសារអស់សុពលភាពស្នាក់នៅក្នុងប្រទេសគេ ទើបពួកគេសម្រេចវិលត្រឡប់មកប្រទេសកំណើតខ្លួនវិញ ។
ពួកគេបានវិលត្រឡប់ចូលស្រុកវិញតាមច្រករបៀងចំនួន០២ នៅចន្លោះបង្គោលសីម៉ាលេខ៥៤និង៥៥ តាមច្រករបៀងមួយកន្លែង នៅត្រង់ចំណុចភូមិបឹងរាំង ឃុំបឹងរាំង និងច្រករបៀងមួយទៀត នៅចំណុចភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ។ ប្រជាពលរដ្ឋដែលវិលត្រឡប់ចូលប្រទេសកំណើតវិញ ដោយស្ម័គ្រចិត្តនេះ សរុបមានចំនួន៥០នាក់ ក្នុងនោះមានស្ត្រីចំនួន២១នាក់ និងមានកុមារតូចៗចំនួន១៣នាក់ ។
ជុំវិញការវិលត្រឡប់របស់ពលរដ្ឋខ្មែរ ចូលមកប្រទេសខ្លួនវិញនេះ អភិបាលស្រុកកំរៀង លោក សុខ ដែន ធ្លាប់បានបញ្ជាក់ប្រាប់កោះសន្តិភាពថា ការវិលត្រឡប់របស់ប្រជាពលរដ្ឋខ្មែរពីប្រទេសថៃចូលស្រុកវិញ តែងកើតមានស្ទើររាល់ថ្ងៃ គ្រាន់តែតិចឬច្រើន ។ លោកអភិបាលបានបន្ថែមថា ពលរដ្ឋខ្មែរដែលវិលត្រឡប់មកស្រុកវិញដូចខាងលើនេះ ភាគច្រើនពួកគេវិលមកវិញដោយស្ម័គ្រចិត្ត មិនមែនត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកទេ ។
ពួកគេភាគច្រើនវិលត្រឡប់មកវិញដោយស្ម័គ្រចិត្ត ក៏ព្រោះតែឯកសារឆ្លងដែនរបស់ពួកគេ អស់សុពលភាពស្នាក់នៅ ដូច្នេះហើយ ទើបពួកគេនាំគ្នាវិលត្រឡប់មកប្រទេសកំណើតវិញ ហើយពួកទាហានថៃ បានបើកច្រកឲ្យពួកគេបានឆ្លងដែនចូលស្រុក តាមច្រករបៀងនានា មិនអនុញ្ញាតឲ្យឆ្លងតាមច្រកទ្វារអន្តរជាតិទេ ។
យ៉ាងណាក្ដី បើតាមការកត់សម្គាល់ជាមួយនឹងការវិលត្រឡប់ចូលប្រទេសកំណើតវិញ យូរៗម្ដងរបស់ប្រជាពលរដ្ឋខ្មែរនេះ ក៏មានពលរដ្ឋខ្មែររាប់សិបនាក់ដែរ ត្រូវចាញ់បោកមេខ្យល់ លួចនាំឆ្លងដែនដោយខុសច្បាប់ ចេញទៅរកការងារធ្វើនៅប្រទេសថៃវិញ ហើយក៏ត្រូវពួកទាហានព្រំដែនថៃ ស្ទាក់ចាប់ខ្លួនបានជាបន្តបន្ទាប់ស្ទើររាល់ថ្ងៃដែរ រាប់ទាំងការរត់ពន្ធទំនិញឆ្លងដែនខុសច្បាប់ផង ៕


