អ៊ីរ៉ង់ គំរាមថា បើប្រទេសណា ហ៊ានលូកដៃជួយអាមេរិក ច្បាំងសង្គ្រាមថ្មី នោះនឹងក្លាយជាគោលដៅស្របច្បាប់របស់ខ្លួន
ដ្បិតតែលទ្ធផលឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិក ធ្វើឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ស្រងាកចិត្ត និងជាឧបសគ្គសម្រាប់លោក ក្នុងការធ្វើសង្គ្រាមនៅអ៊ីរ៉ង់ ក៏ពិតមែន ប៉ុន្តែមេដឹកនាំវ័យ ៨០ឆ្នាំរូបនេះ បានអះអាងរួចហើយថា ខ្លួននឹងមិនថយក្រោយឡើយ ពោលគឺនឹងនៅតែបន្តច្បាំងដដែល។

ជុំវិញរឿងនេះ មានព័ត៌មានលេចឮថា ប្រមុខសេតវិមាន ទំនងជានឹងងាកទៅរកសម្ព័ន្ធមិត្តក្នុងតំបន់ ឱ្យជួយជ្រោមជ្រែងខ្លួន ក្នុងប្រតិបត្តិការយោធា វាយប្រហារលើអ៊ីរ៉ង់ ប៉ុន្តែយ៉ាងណា ឥឡូវទីក្រុងតេហេរ៉ង់ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់រួចហើយថា ប្រទេសណាក៏ដោយ ឱ្យតែហ៊ានចូលដៃចូលជើង ជួយអាមេរិក បើកការវាយលុកថ្មីលើខ្លួន នោះនឹងក្លាយជាគោលដៅតបតស្របច្បាប់ហើយ។
ការព្រមាននេះ គឺចេញពីមាត់មេទ័ព នៃកងឆ្មាំបដិវត្តអ៊ីស្លាម (IRGC) លោក Ali Reza Balali ដែលត្រូវបានដកស្រង់ផ្សាយដោយសារព័ត៌មានរដ្ឋអ៊ីរ៉ង់ WANA កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា៖ ប្រសិនបើមានការឈ្លានពានផ្នែកយោធាសាជាថ្មី ប្រឆាំងនឹងអ៊ីរ៉ង់ នោះប្រទេស ឬកងកម្លាំងទាំងឡាយណា ដែលជួយជ្រោមជ្រែងសហរដ្ឋអាមេរិក ក្នុងការវាយប្រហារ នឹងក្លាយជាគោលដៅវាយប្រហារស្របច្បាប់របស់ ទីក្រុងតេហេរ៉ង់ ហើយ។

យោងតាមលោក Ali, ការពឹងផ្អែករបស់អ៊ីរ៉ង់ លើអាវុធដែលផលិត និងអភិវឌ្ឍក្នុងស្រុក បានធានាថាសមត្ថភាពការពារជាតិរបស់ខ្លួន គឺមិនរងផលប៉ះពាល់ដោយកត្តាខាងក្រៅឡើយ។ មីស៊ីលអ៊ីរ៉ង់ សមត្ថភាពគ្រប់គ្រាន់ ក្នុងការវាយប្រហារលើប្រទេសអ៊ីស្រាអែល និងមូលដ្ឋានយោធាអាមេរិកនៅទូទាំងតំបន់ ពោលគឺ គ្មានទីតាំងណាមួយនៅក្នុងតំបន់នេះ ដែលអាចគេចផុតពីមីស៊ីលរបស់អ៊ីរ៉ង់ នោះទេ។
ការព្រមានរបស់អ៊ីរ៉ង់ កើតឡើងស្របពេល ពិភពលោកបារម្ភ អំពីលទ្ធភាពផ្ទុះសង្គ្រាមថ្មី ក្រោយពេលគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ចាញ់ឆ្នោតយ៉ាងធ្ងន់ធ្ងរ។

តាមការផ្សាយរបស់ Al Jazeera, នាវាផ្ទុកយន្តហោះអាមេរិក USS Roosevelt កំពុងបន្តដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ាហើយ ក្រោយចាកចេញពីមូលដ្ឋានកងទ័ពជើងទឹក San Diego ក្នុងរដ្ឋ California កាលពីថ្ងៃទី២៧ ខែកញ្ញា រួចឈប់សំចតនៅមូលដ្ឋានយោធាអាមេរិក ឯកោះ Yokosuka ប្រទេសជប៉ុន។
យ៉ាងណា ទោះមានភាពតានតឹងបែបនេះ ក៏មានដំណឹងល្អមួយផងដែរ នោះគឺជាសញ្ញាសន្តិភាព ដោយ មន្ត្រីអ៊ីរ៉ង់ម្នាក់ សុំមិនបញ្ចេញឈ្មោះ បានទម្លាយថា ទីក្រុងតេហេរ៉ង់ បានដាក់សំណើចរចារឿងនុយក្លេអ៊ែរ ទៅអាមេរិក រួចហើយ។
តាមការផ្សាយរបស់ Reuters, សំណើនោះគឺ ផ្ញើតាមប្រទេសកាតា ដែលដើរតួជាអ្នកសម្របសម្រួល ហើយវានឹងត្រូវលើកឡើងពិភាក្សា ពេលភាគីពាក់ព័ន្ធទាំងអស់ ជួបប្រជុំគ្នា ដើម្បីស្វែងរកដំណោះស្រាយពន្លត់ភ្លើងសង្គ្រាម ដែលឆាបឆេះរាប់ខែមកហើយ៕


