Detail Top Banner – Conway

កម្ពុជា​រំពឹង​ថា​កិច្ច​ប្រជុំ​ហ្វ្រង់កូហ្វូនី​នៅ​ឆ្នាំ​នេះ​មាន​​លទ្ធផល​លើស​ពី​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍

រដ្ឋមន្ត្រី​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ឧបនាយករដ្ឋមន្ត្រី​ ប្រាក់ សុខុន មាន​ប្រសាសន៍​ថា កម្ពុជា​មាន​គោលដៅ​ជំរុញ​ឱ្យ​អង្គការ​អន្តរជាតិ​នៃ​ក្រុម​​ប្រទេស​និយាយ​ភាសា​បារាំង (ហ្វ្រង់កូហ្វូនី) មាន​សកម្មភាព​លើស​ពី​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ ដើម្បី​បង្ខិត​អង្គការ​នេះ​ទៅ​ជិត​ប្រជាជន ផ្ដល់​សារៈ​សំខាន់​ចំពោះ​បំណង​ប្រាថ្នា​របស់​យុវជន​ និង​ស្ដ្រី ព្រម​ទាំង​ពង្រឹង​សមត្ថភាព​ឆ្លើយ​តប​ជាក់​ស្ដែង​ទៅ​នឹង​បញ្ហា​ដែល​ពិភព​លោក និង​សមាជិក​របស់​ខ្លួន​កំពុង​ប្រឈម​។


លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ជាតិ​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា ឆ្នាំ​២០២៦​នេះ​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មាន​ប្រសាសន៍​ថា «គោល​គំនិត​របស់​យើង​នឹង​ធ្វើ​ឱ្យ​អង្គការ​ហ្វ្រង់​កូហ្វនី​នេះ​នឹង​ក្លាយ​ជា​លំហ​មួយ​សម្រាប់​ការ​សន្ទនា​និង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋ និង​រដ្ឋាភិបាល​ដែល​មក​ពី​ទ្វីប​ទាំង​៥​»។

រដ្ឋមន្ត្រី​ការបរទេស​បាន​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ក៏​ជា​ឱកាស​មាស​មួយ​សម្រាប់​កម្ពុជា​​ណែ​នាំ​ឱ្យ​អន្តរជាតិ​បាន​ស្គាល់ និង«​ស្វែង​រក​កិច្ច​គាំទ្រ​ផ្នែក​ការ​ទូត​ចំពោះ​អ្វី​ដែល​កម្ពុជា​កំពុង​ប្រឈម​ទាក់ទង​និង​សន្តិភាព អធិបតេយ្យភាព​ជាតិ​»។

គួរ​ឱ្យ​ដឹង​ដែរ​ថា ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​លើក​ទី​២០​ នៃ​ក្រុម​​ប្រទេស​និយាយ​ភាសា​បារាំង ហ្ង្រង់កូហ្វូនី ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ​នៅ​រាជធានី​ភ្នំពេញ​​ ដែល​ជា​លើក​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​។ មាន​ភ្ញៀវ​ដែល​ជា​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​តំណាង​ប្រទេស​ចំនួន​៧៩ ដែល​នឹង​មក​ចូលរួម​។ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​បញ្ជាក់​ថា​ ក្រោយ​កិច្ច​ប្រជុំ​នេះ​នឹង​មាន​ចេញ​ឯកសារ​៣​ ដែល​រួម​មាន ​សេចក្ដី​ថ្លែង​ការណ៍​ក្រុង​ភ្នំពេញ​ សេចក្ដី​សម្រេច​ស្ដីពី​វិបត្តិ ការ​ចាក​ចេញពី​វិបត្តិ និង​ការ​ពង្រឹង​សន្តិភាព​របស់​តំបន់​ប្រើប្រាស់​ភាសា​បារាំង និង​ការ​អំពាវនាវ​ទីក្រុង​ភ្នំពេញ​ស្ដីពី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌ និង​ការ​លើក​តម្កើង​ភាព​ចម្រុះ​នៃ​វប្បធម៌៕


ព័ត៌មានទាក់ទង
×
Popup Banner