Detail Top Banner – Conway

ក្រុមហ៊ូធី បាញ់ស្រោចមីស៊ីល និងដ្រូនចូលក្រុងរីយ៉ាត ផ្អើល អារ៉ាប៊ីសាអូឌីត វាយបកសងសឹក វិញ

កងទ័ពសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន បានប្រកាសនៅថ្ងៃទី១០ ខែវិច្ឆិកា ថា ខ្លួនបានស្ទាក់ចាប់មីស៊ីលចំនួនពីរគ្រាប់ ដែលបាញ់សំដៅមកកាន់រាជធានីរីយ៉ាត (Riyadh) សំណាក់ក្រុមឧទ្ទាមហ៊ូធី ដែលមានអ៊ីរ៉ង់ នៅពីក្រោយខ្នង។

ក្រៅពីនេះ ប្រព័ន្ធការពារអាកាស ក៏បានស្ទាក់ចាប់មីស៊ីលបាលីស្ទីកមួយគ្រាប់ទៀត នៅភាគខាងត្បូង និងដ្រូនមួយគ្រឿងនៅតំបន់ភាគខាងកើត ដែលសម្បូរទៅដោយប្រេងកាត ក្នុងរាត្រីមួយ ដែលមានសកម្មភាពយោធាយ៉ាងក្តៅគគុកពាសពេញប្រទេសអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters។

រូបភាព ៖ Reuters
រូបភាព ៖ Reuters

ខាងភាគីសម្ព័ន្ធមិត្តបានបញ្ជាក់ថា ប្រព័ន្ធការពារអាកាសរបស់ខ្លួន ក៏បានកម្ទេចមីស៊ីលបាលីស្ទីកមួយគ្រាប់ និងមីស៊ីលផ្លោងមួយគ្រាប់ដែលបាញ់សំដៅទៅកាន់រាជធានីរបស់អារ៉ាប៊ីសាអូឌីត ផងដែរ។ មុននោះបន្តិច ទីភ្នាក់ងារការពារស៊ីវិលអារ៉ាប៊ីសាអូឌីត បានប្រកាសអាសន្នព្រមានជាមុន ដល់ប្រជាជនក្នុងក្រុងរីយ៉ាត មុននឹងប្រកាសថា ការគំរាមកំហែងត្រូវបានកន្លងផុតហើយ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ សម្ព័ន្ធមិត្តបានឱ្យដឹងទៀតថា ខ្លួនបានស្ទាក់ចាប់ និងកម្ទេចមីស៊ីលបាលីស្ទីកមួយគ្រាប់ដែលបាញ់សំដៅមកភាគខាងត្បូងប្រទេស ជាប់ព្រំដែនយេម៉ែន ដែលធ្វើឱ្យទីក្រុង Abha និង Khamis Mushait ប្រកាសអាសន្នផងដែរ។

ដោយឡែក ទីភ្នាក់ងារសារព័ត៌មាន Saba គ្រប់គ្រងដោយក្រុមហ៊ូធី បានរាយការណ៍ថា អារ៉ាប៊ីសាអូឌីត បានបើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសេណាអា (Sanaa) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ដោយទម្លាក់គ្រាប់បែកចំស្ថានីយ៍ប្រេងឥន្ធនៈ al-Mufazir ក្នុងស្រុក Jadar ភាគខាងជើងរដ្ឋធានី និងអគារមួយជារបស់ក្រុមហ៊ុនប្រេងរដ្ឋនៅភាគខាងត្បូងក្រុងសេណាអា។

សារព័ត៌មានដដែលបានបន្ថែមថា ក្រុមជួយសង្គ្រោះស៊ីវិល កំពុងបំពេញការងារយ៉ាងសកម្ម ដើម្បីពន្លត់ភ្លើងដែលកំពុងឆាបឆេះស៊ីទែនហ្គាសនៅស្ថានីយ៍ al-Mufazir នោះ។ ទោះយ៉ាងណា អាជ្ញាធរអារ៉ាប៊ីសាអូឌីត មិនទាន់បានចេញមុខបញ្ជាក់ពីការវាយប្រហារតាមអាកាសនេះនៅឡើយទេ ហើយខាងក្រុមហ៊ូធីក៏មិនទាន់បានប្រកាសទទួលខុសត្រូវភ្លាមៗចំពោះការបាញ់មីស៊ីល និងដ្រូនចូលទឹកដីអារ៉ាប៊ីសាអូឌីតនោះដែរ។

ក្រោយមក ទ័ពសម្ព័ន្ធមិត្តបានប្រកាសថា ខ្លួនបានស្ទាក់ចាប់ដ្រូនមួយគ្រឿងទៀតនៅពីលើតំបន់ភាគខាងកើត ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់អារ៉ាប៊ីសាអូឌីត និងរងការវាយប្រហារជាច្រើនលើកពីក្រុមហ៊ូធីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

តំបន់នេះផ្ទុកទៅដោយប្រភពប្រេង និងហ្គាសស្ទើរតែទាំងស្រុងរបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ហើយក៏ជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនប្រេងយក្ស Saudi Aramco ដែលធ្លាប់រងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហារកាលពីខែតុលាកន្លងទៅ ផងដែរ។ តំបន់ភាគខាងត្បូងរបស់អារ៉ាប៊ីសាអូឌីត ដែលជាប់ព្រំដែនយេម៉ែន នៅតែបន្តរងការវាយប្រហារដោយមីស៊ីល និងដ្រូនពីក្រុមហ៊ូធី ដែលមានគោលដៅលើទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេស។

សូមបញ្ចាក់ដែរថា ការវាយប្រហារចុងក្រោយនេះ កើតឡើងចំពេលមានការផ្ទុះឡើងនូវអរិភាពយ៉ាងខ្លាំងក្លា រវាងក្រុមហ៊ូធី និងសម្ព័ន្ធមិត្តដែលគាំទ្ររដ្ឋាភិបាលស្របច្បាប់យេម៉ែន បន្ទាប់ពីក្រុមឧទ្ទាមនេះ បានវាយលុកទៅមុខកាលពីខែកញ្ញា សំដៅទៅកាន់ច្រកសមុទ្រ Bab el-Mandeb ដែលជាចំណុចយុទ្ធសាស្ត្រផ្លូវទឹកដ៏សំខាន់នៅច្រកចូលភាគខាងត្បូងនៃសមុទ្រក្រហម។

ចាប់តាំងពីពេលនោះមក ក្រុមហ៊ូធីបានបង្កើនការវាយប្រហារជាបន្តបន្ទាប់ លើព្រលានយន្តហោះ កំពង់ផែ និងទីតាំងប្រេងកាតរបស់អារ៉ាប៊ីសាអូឌីត ខណៈដែលអារ៉ាប៊ីសាអូឌីតបានឆ្លើយតបវិញដោយការបើកការវាយប្រហារតាមអាកាសលើគោលដៅនានារបស់ក្រុមហ៊ូធីនៅក្នុងប្រទេសយេម៉ែន៕

ព័ត៌មានទាក់ទង
×
Popup Banner