Detail Top Banner – Conway

ក្រោយភាគីថៃបិទដោយឯកតោភាគីជាង១ឆ្នាំ! ព្រឹកនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យ និងរាយការណ៍ស្ថានភាពព្រំដែននៅច្រកគីឡូ១៣ (ភ្នំដី) ហើយ

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​សង្កេតការណ៍ ហៅ​កាត់​ថា AOT បាន​ចុះ​ពិនិត្យ និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​គីឡូ​១៣ (​ភ្នំ​ដី​) ដែល​ស្ថិត​នៅ​ក្នុងភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៦ នា​វេលា​ម៉ោង ០៩:១៦​នាទី​ព្រឹក​មិ​ញ​នេះ ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា (ASEAN Observer Team – Cambodia: AOT-KH) ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ ពិនិត្យ​លើ​ការ​គោរព និង​ការ​អនុវត្ត​វិធានការ​ទាំងអស់ ក្នុង​សេចក្តី​ប្រកាស​រួម និង​រាយការណ៍​អំពី​ស្ថានភាព​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​តំបន់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​គីឡូ​១៣ (​ភ្នំ​ដី​) ដែល​ស្ថិត​នៅ​ក្នុងភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ច្រក​អន្តរជាតិ​គីឡូ​១៣ នេះ​ត្រូវ​បាន​បិទ​ចាប់តាំងពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៥ បន្ទាប់​ពី​ភាគី​ថៃ​សម្រេច​បិទ ដោយ​ឯកតោភាគី​មក​ម្ល៉េះ ។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា នៅ​តែ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ​៕

ព័ត៌មានទាក់ទង
×
Popup Banner