Detail Top Banner – Conway

លោក Macron ព្រមាន​ថា ការកាត់​បន្ថយ​ជំនួយ​ដល់អ៊ុយក្រែន នឹង​បើកផ្លូវ ​ទៅរកសង្គ្រាម​ថ្មីមួយ​ទៀត​

ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​ថ្លែងកាល​ពីថ្ងៃសៅរ៍​ ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៦​ ថា បណ្តាប្រទេស​ដែលព្យាយាម​កាត់​បន្ថយ​​ជំនួយ​ដល់​អ៊ុយក្រែន គឺចង់​ឱ្យមានសន្តិភាព​មួយ​ មិន​យុត្តិធម៌ ហើយនេះ​ជាកត្តា​ ដែល​​នឹង​នាំឱ្យកើតមាន​សង្គ្រាមមួយ​ផ្សេង​ទៀត។

ប្រធានាធិបតី​បារាំង លោក Emmanuel Macron 

បើតាម​សារព័ត៌មាន AFP និង France 24, ក្នុង​សេចក្តីថ្លែងការណ៍​របស់មេដឹកនាំបារាំង​រូបនេះ ត្រូវបាន​បង្ហោះលើ​បណ្តាញ​សង្គម ​ស្រប​ពេលសហរដ្ឋអាមេរិក​ កំពុង​សម្រប​សម្រួលកិច្ចចរចា​រវាងអ៊ុយក្រែន និងរុស្ស៊ី ក្នុងគោល​បំណងបញ្ចប់សង្គ្រាម​ បន្ទាប់​ពីទីក្រុងមូស្គូ​បាន​បើកការ​វាយប្រហារ​ទ្រង់ទ្រាយធំ​ កាលពីឆ្នាំ ២០២២។

លោក Macron លើក​ឡើង​ថា៖ «អ្នកដែល​​ចង់​ដាក់​កម្រិត​ជំនួយ​ដល់​អ៊ុយក្រែន តាម​ពិតទៅគឺចង់​បង្ខំឱ្យមានសន្តិភាព​មួយដែល​មិន​យុត្តិធម៌ សម្រាប់​អ៊ុយក្រែន និងសម្រាប់​ទ្វីបអឺរ៉ុបទាំង​មូល​។ នោះគឺជា​ស្មារតី​នៃ​ភាព​បរាជ័យ។ នោះ​គឺជាមូលហេតុ​ នឹង​នាំឱ្យមានសង្គ្រាម​មួយ​ទៀត ហើយ​នោះ​មិនអាច​ជាជំហរ​របស់ប្រទេស​បារាំងឡើយ»។

ប្រធានា​ធិបតីអ៊ុយ​ក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី លើកឡើងក្នុង​សេចក្តី​ថ្លែងការណ៍មួយ​ចេញផ្សាយកាលពីថ្ងៃសៅរ៍​ ថា ទីក្រុងវ៉ាស៊ីន​តោន​បានស្នើឱ្យទីក្រុងកៀវ​ប្រគល់ទឹកដី​ទៅឱ្យទីក្រុងមូស្គូ ជាថ្នូរនឹង​ការដែល​អ៊ុយក្រែនអាច​ចូលរួមជាមួយ​អង្គការណាតូ។

កាល​ពី​ថ្ងៃព្រហស្បតិ៍ បេសក​ជន​សហរដ្ឋអាមេរិក លោក Jared Kushner និង លោក Steve Witkoff បាន​ជួបពិភាក្សាដាច់ដោយ​ឡែកពីគ្នា ជាមួយ​ប្រធានាធិបតីរុស្ស៊ី លោក វ៉្លា​ឌីមៀ​ ពូទីន​ និង​ លោក ហ្សេលេន​ស្គី​ បន្ទាប់​ពីការចរចារយៈពេល​ពីរថ្ងៃនៅ​ទីក្រុង Abu Dhabi ​បញ្ចប់ទៅ​ដោយ​មិនមាន​លទ្ធផល​វិជ្ជមាន​អ្វីជា​ដុំកំភួន។

ទោះជា​យ៉ាងណាក៏ដោយ ការចរចា​នេះ​បានឈានដល់កិច្ចព្រមព្រៀង​មួយ ​អនុញ្ញាតឱ្យបណ្តាប្រទេសនៅអឺរ៉ុប​ ចូលរួមក្នុងការចរចា​នាពេលអនាគត ស្តីពី​ការបញ្ចប់សង្គ្រាម។

លោក Macron បន្ត​៖ «អឺរ៉ុបត្រូវតែ​ចូលរួមយ៉ាងពេញ​លេញ ក្នុងកិច្ច​ខិតខំប្រឹងប្រែង​ ដើម្បីនាំមក​នូវសន្តិភាព​ដ៏យុត្តិធម៌ និងស្ថិតស្ថេរ នៅ​អ៊ុយក្រែន។ អ្វីដែល​កំពុងកើតឡើង​នៅ​អ៊ុយក្រែន គឺពាក់ព័ន្ធដោយ​ផ្ទាល់មកលើ​ពួកយើង[…] ការជួយអ៊ុយ​ក្រែនឱ្យ​ការពារខ្លួនឯង គឺស្មើ​នឹងការការពារ​ប្រទេសបារាំង និងប្រជាជនបារាំង​ផងដែរ។ សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែនត្រូវតែបង្ហាញ​ឱ្យបានច្បាស់លាស់ រួមទាំងជូនដល់​ប្រទេសរុស្ស៊ី អំពីចក្ខុវិស័យ​សម្រាប់ដំណាក់កាល​ក្រោយ​សង្គ្រាម ហើយយើង​ក៏ត្រូវបញ្ជាក់​ឱ្យលម្អិតផងដែរថា តើយើង​រំពឹង​អ្វីខ្លះ​ពីសហរដ្ឋអា​មេរិក សម្រាប់សន្តិសុខរយៈ​ពេលវែងរបស់​អឺរ៉ុប»។

លោក Macron បន្ថែម​៖ «​លោក ពូទីន មិនមាន​បំណង​ចង់​ចរចា​ឡើយ ហើយកំពុងព្យាយា​ម​កម្ទេចអ៊ុយក្រែន តាម​រយៈការបង្កើនការ​វាយប្រហារដោយ​ដ្រូន និងមីស៊ីល ទៅ​លើប្រជាជន​ស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធថាមពល ពេលរដូវរងា​ កំពុងឈាន​ចូលមកដល់។ នេះ​មានន័យ​ថា យើងត្រូវតែបន្ត​ការគាំទ្រផ្នែក​ហិរញ្ញវត្ថុ និងជួយអ៊ុយក្រែន​​ក្នុងការការពារ​ប្រជាជន រួមទាំងរោង​ចក្រផលិតថាមពល និងបណ្តាញចែកចាយថាមពល​របស់ពួកគេ​ផងដែរ»៕

ព័ត៌មានទាក់ទង
×
Popup Banner