កងកម្លាំងសម្ព័ន្ធមិត្តយោធាដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា បានប្រកាសថា ខ្លួនបានបាញ់ស្ទាក់ និងកម្ទេចដ្រូនចំនួន ២ គ្រឿង ដែលបាញ់បង្ហោះដោយក្រុមឧទ្ទាមហ៊ូធី នៃប្រទេសយេម៉ែន នៅលើដែនអាកាសតំបន់មេកា (Mecca) និងដ្រូន ២ គ្រឿងទៀតនៅលើតំបន់មេឌីណា (Medina) ភាគខាងលិចរ៉ាប៊ីសាអូឌីត។

ប្រតិបត្តិការនេះ បានធ្វើឱ្យចំនួនដ្រូនដែលត្រូវបានបាញ់ទម្លាក់សរុបកាលពីថ្ងៃអាទិត្យ កើនឡើងដល់ ៧ គ្រឿង។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Anadolu។
អ្នកនាំពាក្យក្រុមសម្ព័ន្ធមិត្ត លោក Turki al-Maliki បានបញ្ជាក់ពីការបាញ់ស្ទាក់នេះ តាមរយៈសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នានៅលើបណ្តាញសង្គម X។ ទោះជាយ៉ាងណា លោកមិនបានបង្ហើបឱ្យដឹងពីអត្តសញ្ញាណភាគីដែលបង្ហោះដ្រូននៅលើតំបន់មេឌីណា ឬផ្តល់របាយការណ៍លម្អិតអំពីអ្នករងរបួស និងការខូចខាតណាមួយឡើយ។
ជាការឆ្លើយតប អ្នកនាំពាក្យយោធារបស់ក្រុមហ៊ូធី លោក Yahya Saree បានចេញមុខច្រានចោលទាំងស្រុងនៅលើបណ្តាញសង្គម X ជុំវិញការអះអាងរបស់ក្រុមសម្ព័ន្ធមិត្តរឿងបាញ់ទម្លាក់ដ្រូននៅលើទីក្រុងមេកា និងមេឌីណា ដោយចាត់ទុកថានោះគឺជា «រឿងកុហក និងការប្រឌិតទាំងស្រុង»។
ដោយឡែក នៅក្នុងសារបង្ហោះផ្សេងទៀតលើបណ្តាញសង្គម X លោក Saree បានអះអាងថា កងកម្លាំងហ៊ូធីបានបាញ់មីស៊ីលផ្លោង ២ គ្រាប់ សំដៅទៅកាន់អាកាសយានដ្ឋានអន្តរជាតិ King Khalid និងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយកន្លែងក្នុងរដ្ឋធានីរីយ៉ាដ។ លើសពីនេះ ក្រុមរបស់លោកក៏បានបញ្ជូនដ្រូន ២ គ្រឿង ទៅវាយប្រហារលើស្ថានីយបូមប្រេងលេខ ៥ និងលេខ ៦ នៃបំពង់បង្ហូរប្រេងខាងកើត-ខាងលិចរបស់អារ៉ាប៊ីសាអូឌីត ក្នុងតំបន់រីយ៉ាដផងដែរ។
គួររំលឹកថា កាលពីព្រឹកថ្ងៃអាទិត្យដដែល ក្រុមសម្ព័ន្ធមិត្តបានរាយការណ៍ថា កងកម្លាំងខ្លួនបានបាញ់ស្ទាក់ និងកម្ទេចមីស៊ីលផ្លោងចំនួន ២ គ្រាប់ ដែលក្រុមហ៊ូធីបានបាញ់តម្រង់មកកាន់រដ្ឋធានីរីយ៉ាដ រួមជាមួយដ្រូនចំនួន ៣ គ្រឿងទៀតនៅលើខេត្តភាគខាងកើតរបស់អារ៉ាប៊ីសាអូឌីត៕


