Detail Top Banner – Conway

នាវាផ្ទុក​យន្ត​ហោះ​​​ អាមេរិកទី ៣​ ​​ទៅ​ដល់​មជ្ឈិម​បូព៌ា​ហើយ

យោង​តាមសារព័ត៌​មានអាមេរិក Axios ដែល​ដកស្រង់សម្តី​មន្ត្រីអាមេរិក​ម្នាក់​ សុំ​មិនបញ្ចេញឈ្មោះ បាន​រាយការណ៍ថា នាវា​ផ្ទុក​យន្តហោះ ​USS Theodore Roosevelt ​បានទៅ​ដល់​តំបន់​មជ្ឈិម​បូព៌ាហើយ​ កាល​ពី​ថ្ងៃ​អាទិត្យ ទី១៥ ខែវិច្ឆិកា ​ដែលធ្វើឱ្យចំនួន​ក្រុម​នាវាផ្ទុក​យន្តហោះ​ចម្បាំងរបស់​សហរដ្ឋ​អាមេរិក​ នៅ​ក្នុងតំបន់នេះ​​កើនឡើងដល់ ៣ក្រុម។

នាវាចម្បាំង​ប្រភេទ Nimitz នេះ បាន​ចូលទៅក្នុង​តំបន់​ប្រយុទ្ធ​ ​របស់​បញ្ជាការ​ដ្ឋាន​កណ្តាលសហរដ្ឋ​អាមេរិក (CENTCOM) ដោយ​បាន​​ត្រួត​ពិនិត្យ​ប្រតិបត្តិការយោធា​នានា​ នៅទូទាំងតំបន់​​មជ្ឈិមបូព៌ា បន្ទាប់ពី​ចាកចេញពី​ប្រទេសសិង្ហបុរី​ កាលពីដើម​ខែវិច្ឆិកា​ និង​ធ្វើដំណើរ​ឆ្លងកាត់​ច្រកសមុទ្រ​ម៉ាឡាកា ប្រទេស​ម៉ាឡេស៊ី​​។

នាវា​ផ្ទុក​យន្តហោះ ​USS Theodore Roosevelt ​

នាវា USS Theodore Roosevelt ដែលត្រូវបានសាង​សង់​ដោយ​ក្រុមហ៊ុន ​Northrop Grumman ក្នុង​រដ្ឋ Virginia និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​អស់រយៈ​ពេល ៤០ឆ្នាំមកហើយនោះ គឺជា​កប៉ាល់​បញ្ជាការនៃ​ក្រុម​នាវា​ដឹក​យន្ត​ហោះ​ចម្បាំងទី ៩ ​ដោយ​បាន​ចាប់ផ្តើម​បេសកកម្ម​បច្ចុប្បន្ន​របស់ខ្លួន​ កាលពីថ្ងៃទី២៧ ខែកញ្ញា។

វត្តមានរបស់​នាវានេះ គឺជាការ​បន្ថែមទៅ​លើនាវាដឹក​យន្តហោះអាមេរិក ​២ គ្រឿងផ្សេង​ទៀត ដែល​កំពុងប្រតិបត្តិការ​ជាចម្បង​ក្នុង​សមុទ្រ​អារ៉ាប់​។

នា​វា USS George H.W. Bush ​បន្ត​ស្ថិត​នៅក្នុង​តំបន់​នេះ​ ក្រោម​បេសកកម្មដែលមានការពន្យារពេល តាំងពីខែ​មេសា​មក និងជាផ្នែកមួយ​នៃក្រុមនាវា​ដឹកយន្តហោះ​ចម្បាំងទី១០។ ចំណែក​ឯនាវា USS George ​Washington ដែលជាធម្មតាឈរ​ជើង​ នៅប្រទេសជប៉ុននោះ ក៏បាន​ប្រតិបត្តិការ​នៅទីនោះដែរ​ ជាមួយក្រុមស្លាប​យន្តហោះចម្បាំងទី ៥ តាំងពី​ខែសីហា​ មកម្ល៉េះ​។

កាសែត The New York Times ​បាន​រាយការណ៍​ កាលពីថ្ងៃអាទិត្យ​ថា នាវា USS Theodore Roosevelt ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ទៅ​ដល់​​តំបន់មជ្ឈិម​បូព៌ា​​ក្នុងរយៈ​ពេល​មួយ​ថ្ងៃ។​

នៅ​ក្នុង​ការបង្ហោះ​មួយ​លើ​បណ្តាញ​សង្គម​ X កាល​ពី​ថ្ងៃចន្ទ បញ្ជាការ​ដ្ឋាន​ CENTCOM បានឱ្យដឹងថា៖ «​នាវាផ្ទុកយន្ត​ហោះ USS Theodore Roosevelt ឆ្លងកាត់​មហាសមុទ្រ​ឥណ្ឌា នៅថ្ងៃទី១៥ ខែវិច្ឆិកា។ នាវា​ផ្ទុកយន្ត​ហោះ​នេះ​ កំពុង​ប្រតិបត្តិការ​ក្នុងតំបន់ប្រយុទ្ធ​របស់ ​CENTCOM ជាផ្នែកមួយ​នៃការដាក់​ពង្រាយតាម​កាល​វិភាគ»។

យន្តហោះ​ នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​

ការ​កសាងកងទ័ពជើងទឹក​​របស់​អាមេរិក​ កើតឡើង ចំពេល​សង្គ្រាម​អ៊ីរ៉ង់​កំពុង​បន្ត ក្រោយពី​​សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល​ បាន​​ចាប់ផ្តើម​វាយប្រហារ​ កាល​ពី​ចុងខែកុម្ភៈ ហើយ​កិច្ច​ចរចា​ តាម​ផ្លូវ​កាទូត​នានា​​ នៅ​តែ​ជាប់គាំង​។

ថ្មីៗ​នេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានដក​អនុប្រធានា​ធិបតី JD Vance ចេញ​ពីកិច្ចចរចា​សន្តិភាព ហើយប្រកាស​លើប្រព័ន្ធផ្សព្វផ្សាយ​សង្គមថា ទីក្រុងវ៉ាស៊ីន​តោន​ ​លែង​ត្រូវការ​កិច្ចព្រមព្រៀង​ជាមួយអ៊ីរ៉ង់​ទៀតហើយ។

ទោះ​បីជាមានវត្តមាននាវា​ផ្ទុកយន្តហោះ​ដែលបាន​ពង្រីកក៏ដោយ ថ្មីៗ​នេះ ​យោធាសហរដ្ឋ​អាមេរិក​បាន​បដិសេធរបាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយអ៊ីស្រាអែល​​ ដែលចោទប្រកាន់​ថា​ ខ្លួនកំពុង​រៀប​ចំ​ប្រតិបត្តិការ​ប្រឆាំងនឹងអ៊ីរ៉ង់​ឡើង​វិញ​ ដោយ​បដិសេធ​ការ​អះអាង​អំពីការផ្លាស់​ប្តូរទី​តាំង​កម្លាំង​ក្នុងតំបន់​ថា ជា «ការស្មាន​សុទ្ធសាធ»៕

ព័ត៌មានទាក់ទង
×
Popup Banner