ប្រទេសថៃ ស្ថិតក្នុងចំណោមប្រទេសចំនួន៥ ដែលរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានដាក់ចេញវិធានការរឹតបន្តឹងថ្មី លើការនាំចេញបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់ទៅកាន់មជ្ឈមណ្ឌលទិន្នន័យនានា។ ការធ្វើបែបនេះ មានគោលដៅទប់ស្កាត់ក្រុមហ៊ុនចិន ពីការប្រើប្រាស់កម្លាំង នៅក្រៅប្រទេស ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា AI របស់ខ្លួន ខណៈវិធានការនេះក៏គ្របដណ្តប់លើប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រេស៊ីលផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសបទប្បញ្ញត្តិថ្មី ដើម្បីបង្កើនការត្រួតពិនិត្យលើការប្រើប្រាស់មជ្ឈមណ្ឌលទិន្នន័យនៅក្រៅប្រទេស និងទប់ស្កាត់ការរត់ពន្ធបន្ទះឈីប AI កម្រិតខ្ពស់ ដែលអាចធ្វើឱ្យបច្ចេកវិទ្យារសើបរបស់អាមេរិកធ្លាក់ទៅក្នុងដៃប្រទេសចិន។
បទប្បញ្ញត្តិថ្មីនេះ នឹងរឹតត្បិតការដឹកជញ្ជូនបន្ទះឈីបកម្រិតខ្ពស់ទៅកាន់មជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសចំនួន ៥ រួមមាន សិង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រេស៊ីល ដែលក្រុមហ៊ុនចិនធ្លាប់បានប្រើប្រាស់ដើម្បីទទួលបានកម្លាំងគណនាសម្រាប់បង្វឹកប្រព័ន្ធ AI របស់ខ្លួន។
លើសពីនេះ វាក៏ដាក់ចេញនូវលក្ខខណ្ឌតម្រូវថ្មីៗលើមជ្ឈមណ្ឌលទិន្នន័យក្រៅប្រទេសទាំងឡាយណា ដែលផ្គត់ផ្គង់ «កម្លាំងគណនាក្នុងទំហំដ៏ច្រើន» ទៅឱ្យក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅប្រទេសចិន។
បទប្បញ្ញត្តិនេះត្រូវបានប្រកាសចេញតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានលាលែងពីតំណែង ក្រោយផ្ទុះរឿងអាស្រូវស្នេហាលួចលាក់ជាមួយស្ត្រីម្នាក់ដែលធ្វើការនៅក្រុមហ៊ុន Cloud ឈ្មោះ Megaspeed ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ Megaspeed គឺជាដៃគូរបស់ Nvidia ដែលជួលកម្លាំងគណនានៅតាមមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន ហើយកំពុងស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការលួចបង្វែរបន្ទះឈីប AI កម្រិតខ្ពស់ដោយខុសច្បាប់ទៅឱ្យប្រទេសចិន។
ទោះជាយ៉ាងណាក៏ដោយ ការរឹតបន្តឹងនេះកើតឡើងស្របពេលដែលលោក ត្រាំ គ្រោងនឹងជួបលោក ស៊ី នៅថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល APEC ប្រចាំសប្តាហ៍នេះ។
គួរបញ្ជាក់ថា កន្លងមកសហរដ្ឋអាមេរិកបានព្យាយាមបិទខ្ទប់បច្ចេកវិទ្យាបន្ទះឈីបកម្រិតខ្ពស់ មិនឱ្យធ្លាក់ដល់ដៃទីក្រុងប៉េកាំង ដោយសារព្រួយបារម្ភថាចិនអាចយកបច្ចេកវិទ្យា AI ទាំងនេះទៅប្រើប្រាស់ក្នុងការអភិវឌ្ឍវិស័យយោធា ដែលបង្កការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក៕


